អេស្ប៉ាញ និងប៉ទុយហ្កាល់ រួមគ្នាដេញថ្លៃសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup 2030 ជាផ្លូវការ

មាស សុផាណារ៉ុង June 6, 2021


 

អេស្ប៉ាញ៖ កាលពីថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ​ ប្រទេសអេស្ប៉ាញ និងប៉ទុយហ្កាល់ បានចាប់ផ្តើមជាផ្លូវការ នូវគម្រោងដេញថ្លៃសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ FIFA World Cup 2030 ខាងមុខ។

លោកនាយករដ្ឋមន្ត្រីនៃប្រទេសអេស្ប៉ាញ លោក Pedro Sanchez និងសមភាគី គឺលោក Antonio Costa ដែលជានាយករដ្ឋមន្ត្រីប៉ទុយហ្កាល់ បានថ្លែងក្នុងកិច្ចព្រមព្រៀងរួមគ្នាថា៖ “រដ្ឋាភិបាលនៃប្រទេសទាំងពីរ សូមបញ្ជាក់នូវជំហរយ៉ាងមុតមាំប្រកបដោយឆន្ទៈខ្ពស់ក្នុងការបំពេញតួនាទីជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកនាឆ្នាំ២០៣០ ខាងមុខ។” ជាមួយគ្នានេះដែរ ភាគីទាំងពីរបានពាក់អាវយឺតដែលមានសរសេរថា “Vamos2030″។

មេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមមួយក្នុងនាមជាព្រះរាជតំណាងព្រះមហាក្សត្រអេស្ប៉ាញ Felipe VI និងលោកប្រធានាធិបតីប៉ទុយហ្កាល់ Marcelo Rebelo de Sousa នៅកីឡដ្ឋានរបស់ក្លឹប Atletico Madrid មុនការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិទាំងពីរចាប់ផ្តើមហើយនេះក៏ជាឱកាសប្រារព្ធខួប ១០០ឆ្នាំនៃការប្រកួតអន្តរជាតិលើកដំបូងបំផុតរបស់ក្រុមជម្រើសជាតិប៉ទុយហ្កាល់ដែលបានធ្វើឡើងកាលពីឆ្នាំ១៩២១ ផងដែរ។

តាមជាក់ស្តែង ប្រទេសអឺរ៉ុបទាំង២ នឹងត្រូវប្រកួតប្រជែងជាមួយបណ្តាប្រទេសមួយចំនួនទៀតដែលបានដាក់ដេញថ្លៃសិទ្ធិជាម្ចាស់ផ្ទះ​ FIFA World Cup 2030 ដែលមានដូចជា អាហ្សង់ទីន, អ៊ុយរ៉ាហ្កាយ, ចក្រភពអង់គ្លេស ជាមួយ អៀរឡង់, និង ប៉ារ៉ាហ្កាយ ជាមួយ ឈីលី៕

 

ប្រភព៖ AFP

មតិយោបល់