ប្រធានក្លឹប Bayern សម្រេចចិត្តលាឈប់ពីតំណែង ក្រោយចូលរួមដឹកនាំអស់ ៣០ឆ្នាំ

មាស សុផាណារ៉ុង June 1, 2021


 

អាល្លឺម៉ង់ដ៏៖ បន្ទាប់ពីបានដឹកនាំក្លឹប Bayern Munich អស់រយៈពេល ៣០ឆ្នាំកន្លងមក លោក Karl-Heinz Rummenigge បានសម្រេចចិត្តថានឹងចាកចេញពីតំណែង ប្រធានក្រុមប្រឹក្សាប្រតិបត្តិរបស់ក្លឹប នៅចុងខែនេះ ខណៈដែលអតីតប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ដ៏ Oliver Kahn នឹងត្រូវចូលមកកាន់ការងារជំនួសវិញ។

លោក Karl-Heinz Rummenigge បានបំពេញតួនាទីជាអនុប្រធានក្លឹប Bayern កាលពីឆ្នាំ១៩៩១ និងបានឡើងជាប្រធាន នាឆ្នាំ២០០២ ជាមួយនឹងសមិទ្ធផលជោគជ័យដ៏ត្រចះត្រចង់ពោលគឺ ក្លឹបនេះបានឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់ដ៏ ឬ Bundesliga ចំនួន ១៩លើក ព្រមទាំង Champions League នាឆ្នាំ២០០១, ២០១៣ និង ២០២០ កន្លងមកផងដែរ។

ជាការកត់សម្គាល់ លោក Rummenigge ក៏ជាអតីតខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich កាលពីអំឡុងឆ្នាំ១៩៧៤ ដល់​១៩៨៤ ព្រមទាំងធ្លាប់បានជួយឱ្យក្លឹបនេះបានឈ្នះជើងឯកពាន European Cup បាន ២លើក ហើយលោកក៏ជាម្ចាស់ពាន Ballon d’Or បាន ២សម័យកាលជាប់ៗគ្នានាឆ្នាំ១៩៨០ និង១៩៨១ ផងដែរ៕

 

ប្រភព៖ AFP

មតិយោបល់