ការប្រកួតជម្រុះ World Cup ពូល A ត្រូវប្តូរពីប្រទេសចិន ទៅអារ៉ាប់រួម វិញ

មាស សុផាណារ៉ុង June 1, 2021


 

អារ៉ាប់រួម៖ សហព័ន្ធកីឡាបាល់ទាត់អាសុី ឬ The Asian Football Confederation (AFC) បានប្រកាសថា ការប្រកួតវគ្គជម្រុះ World Cup ពូល A ត្រូវបានប្តូរទៅសហភាពអារ៉ាប់រួម (the United Arab Emirates-UAE) វិញ ពោលគឺការប្រកួតទាំង ៧របស់ក្រុមជម្រើសជាតិចិន, ម៉ាល់ឌីវ, សុីរី, ហ្វីលីពីន និងកោះហ្គោម នឹងមិនប្រព្រឹត្តទៅនៅលើទឹកដីចិន តាមការគ្រោងទុកនោះទេ។

យ៉ាងណាមិញ មុនការផ្លាស់ប្ដូរនេះ គេបានរៀបចំឲ្យមានការប្រកួតចំនួន ១ប្រកួតរួចទៅហើយ រវាង កោះហ្គាម ជាមួយ ចិន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ដែលពេលនោះបញ្ចប់ទៅដោយលទ្ធផល ចិន ឈ្នះ កោះហ្គាម ០ទល់៧។

ចំពោះមូលហេតុនោះគឺមកពីគេបានរកឃើញកីឡាករមួយចំនួនក្នុងក្រុមសុីរី និងម៉ាល់ឌីវ វេជ្ជមានកូវីដ-១៩ ជាហេតុនាំឱ្យអាជ្ញាធរចិនតម្រូវឱ្យក្រុមជម្រើសជាតិទាំងអស់ត្រូវធ្វើចត្តាឡីស័កជាមុនសិន ដូចនេះដើម្បីដោះស្រាយបញ្ហា AFC ក៏បានសម្រេចប្តូរទីតាំងប្រកួតទៅកាន់កីឡដ្ឋាន Sharjah Stadium របស់សហភាពអារ៉ាប់រួម តែម្តង។

លោក Windsor John អគ្គលេខាធិការ AFC បានថ្លែងថា ការផ្លាស់ប្តូរដោយឥតព្រាងទុកនេះ គឺក្នុងវត្ថុបំណងដើម្បីធានាសុវត្ថិភាពដល់ក្រុមប្រកួត កីឡាករ ទស្សនិកជន និងគ្រប់ភាគីពាក់ព័ន្ធជាមួយនឹងវិធានការសុខាភិបាលខ្ពស់ ខណៈដែលសហភាពអារ៉ាប់រួម ក៏ជាម្ចាស់ផ្ទះក្នុងការប្រកួតវគ្គជម្រុះពូល G ដែលមានក្រុមជម្រើសជាតិវៀតណាម, ម៉ាឡេសុី, ថៃ​ និងឥណ្ឌូនេសុី ផងដែរ៕

 

ប្រភព៖ Reuters

មតិយោបល់