ចាញ់ក្រុមសាមូរ៉ៃជប៉ុន ១០-០ ហើយ បាតុករមីយ៉ាន់ម៉ា ស្នើសុំក្រុមជម្រើសជាតិ កុំសហការជាមួយរបបយោធាផ្តាច់ការ

មាស សុផាណារ៉ុង May 29, 2021


 

ជប៉ុន៖ “យើងមិនបានជំទាស់ជាមួយកីឡាករទេ ប៉ុន្តែយើងសុំឱ្យពួកគេកុំសហការជាមួយរបបយោធាផ្តាច់ការអី” នេះជាអ្វីដែលក្រុមបាតុករជនជាតិមីយ៉ាន់ម៉ា ដែលមានគ្នាប្រមាណជា ៧០នាក់បាននាំគ្នាឈរតវ៉ានៅក្រៅកីឡដ្ឋានក្នុងក្រុង Chiba ជាទីកន្លែងដែលក្រុមជម្រើសជាតិរបស់ពួកគេបានរងបរាជ័យចាស់ដៃ ទល់នឹងក្រុមម្ចាស់ផ្ទះដោយលទ្ធផល ១០-០ កាលពីម្សិលមិញ ក្នុងវគ្គជម្រុះទ្វីបអាសុីនៃព្រឹត្តិការណ៍ World Cup។

បាតុករម្នាក់ដែលដៃម្ខាងកាន់រូបថតលោកស្រី អ៊ុង សានសូជី និងម្ខាងទៀតលើកម្រាមដៃ ៣ ជាសញ្ញារបស់ក្រុមអ្នកប្រឆាំងរបបផ្តាច់ការបានលើកឡើងថា៖ “ពួកគេមិនមែនជាក្រុមជម្រើសជាតិពិតប្រាកដទេ ហើយយើងក៏មិនចង់ឱ្យពួកគេចូលរួមប្រកួតដែរ ពួកគេប្រហែលជារងសម្ពាធច្រើនណាស់ពីក្រុមយោធាដែលកំពុងដឹកនាំប្រទេសពេលនេះ។ ជារួមពួកគេមិនបានតំណាងឱ្យប្រជាជនមីយ៉ាន់ម៉ាទេ។”

យ៉ាងណាក៏ដោយ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិមីយ៉ាន់ម៉ា លោក Antoine Hey បានឆ្លើបតបថា៖ “ខ្ញុំមិនដឹងថាត្រូវលើកទឹកចិត្តពួកគេបែបណាទេក្រៅតែពីការរួបរួមគ្នា ពេលនេះកីឡាករទាំងអស់កំពុងតែផ្តោតសំខាន់លើបាល់ទាត់ និងគិតតែទៅលើការងាររបស់យើង លើក្រុមទាំងមូល លើកីឡាករហើយមិនមានជំហរបែបណាមួយទៅលើបញ្ហានយោបាយនោះទេ។”

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នឹងត្រូវជួបក្រុមជម្រើសជាតិកៀគីស្ថាន និងតាជីគីស្ថាន បន្តទៀតក្នុងការប្រកួតជម្រុះពូល F ដែលនឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុនតែម្តង។ ចំពោះលទ្ធផលកាលពីម្សិលមិញគឺកីឡាករជប៉ុន Yuya Osako រកបាន ៥គ្រាប់ម្នាក់ឯង ចំណែក ៥គ្រាប់ផ្សេងទៀតរកបានដោយកីឡាករ Minamino (២គ្រាប់), Hidemasa Morita, Daichi Kamada និង Ko Itakura ៕

 

ប្រភព៖ AFP

មតិយោបល់