ចិនចាប់ផ្តើមគម្រោងទីក្រុងគន្លឹះ ជាមួយនឹងមហិច្ឆតាប្រែក្លាយខ្លួនទៅជាក្រុមបាល់ទាត់ខ្លាំងក្នុងទ្វីបអាសុី នៅឆ្នាំ២០៣០

មាស សុផាណារ៉ុង May 28, 2021


 

ចិន៖ សាធារណរដ្ឋប្រជាមានិតចិន នឹងចាប់ផ្តើមនូវគម្រោង “ទីក្រុងគន្លឹះ” ចំនួន១៨ ដើម្បីសម្រេចឡើងនូវវឌ្ឍនភាពនៃវិស័យបាល់ទាត់ ឲ្យក្លាយទៅជាប្រទេសដែលមានការរីកចម្រើន ព្រមទាំងឈានទៅក្លាយជាក្រុមបាលទាត់ខ្លាំងលំដាប់ទ្វីបអាសុី។ យោងតាមការបញ្ជាក់របស់ ការិយាល័យរដ្ឋបាលកីឡារបស់រដ្ឋាភិបាលចិនបានឱ្យដឹងថា ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៥ ពោលគឺក្នុងរយៈពេល ៤ឆ្នាំទៅមុខទីក្រុងចំនួន១៦ ឬ១៨ នឹងមានក្រុមបាល់ទាត់អាជីពយ៉ាងតិច ២ក្រុម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវដែលបម្រើដល់ការប្រកួតដូចជាទីលាន ភ្លើងបំភ្លឺជាដើម។

គោលនយោបាយថ្មីនេះបានធ្វើឡើងស្របទៅតាមអនុសាសន៍របស់ប្រធានាធិបតី Xi Jinping ដែលមានមហិច្ឆតាក្នុងការប្រែក្លាយប្រជាជាតិដែលមានប្រជាជនច្រើនជាងគេក្នុងលោកនេះឱ្យក្លាយជាប្រទេសមួយដែលមានសក្តានុពលផ្នែកកីឡាបាល់ទាត់។ យោងតាមការរៀបចំ នៅតាមបណ្តាទីក្រុងគោលដៅនឹងមានការស្ថាបនានូវទីលានមួយយ៉ាងតិចសម្រាប់បម្រើដល់មនុស្ស ១មុឺននាក់ ព្រមទាំងការលើកទឹកចិត្តយុវជនឱ្យចូលរួមយ៉ាងផុសផុល ជាមួយនឹងក្តីរំពឹងថាអាចបង្កើនធនធានកីឡាករកាន់តែច្រើនដើម្បីជំរុញឱ្យវិស័យកីឡាបាល់ទាត់របស់ខ្លួនបានចូលទៅក្នុងក្រុមប្រទេសខ្លាំងៗនៅទ្វីបអាសុីនាឆ្នាំ២០៣០ ខាងមុខ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិចិន បច្ចុប្បន្នកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ៧៧ ពិភពលោក និងជាប់លេខ៩ ក្នុងចំណោមក្រុមនៅអាសុីហើយបានឡើងទៅលេងនៅព្រឹត្តិការណ៍ World Cup បានតែម្តងគត់កាលពីឆ្នាំ២០០២។

បច្ចុប្បន្ននេះរដ្ឋាភិបាលចិន បានទទួលរងការរិះគន់ជាច្រើនជុំវិញការផ្តល់សញ្ជាតិដល់កីឡាករបរទេសជាបន្តបន្ទាប់ដើម្បីបញ្ចូលទៅក្នុងក្រុមជម្រើសជាតិ ជាមួយនឹងក្តីសង្ឃឹមថានឹងអាចទទួលលទ្ធផលល្អក្នុងព្រឹត្តិការណ៍ Qatar 2022 World Cup នេះ៕

 

ប្រភព៖ AFP

មតិយោបល់