ការដកខ្លួនរបស់កូរ៉េខាងជើង ពីវគ្គជម្រុះ World Cup នាំឲ្យប៉ះពាល់ដល់ការគិតពិន្ទុក្រុមឡើងជុំបន្ត

មាស សុផាណារ៉ុង May 28, 2021


 

អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ទទួលបានការសម្រេចចិត្តពីគណៈកម្មការរៀបចំការប្រកួតជម្រុះ FIFA World Cup ស្តីពីជំហរចុងក្រោយនៃវគ្គជម្រុះអាស៊ី សម្រាប់ពានរង្វាន់បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA World Cup Qatar 2022™)  និងជើងឯកទ្វីបអាស៊ី នៅប្រទេសចិន ឆ្នាំ២០២៣ ( AFC Asian Cup China 2023™) បន្ទាប់ពីការដកខ្លួនរបស់ កូរ៉េខាងជើង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវភាពត្រឹមត្រូវសម្រាប់ក្រុមចូលរួមទាំងអស់ វាត្រូវបានគេសំរេចថាលទ្ធផលនៃការប្រកួតរបស់កូរ៉េខាងជើង ទាំងអស់នឹងត្រូវបានចាត់ទុកជាមោឃៈ។

ដូច្នេះបន្ទាប់ពីការបញ្ចប់ការប្រកួតទាំងអស់ក្នុងវគ្គជម្រុះនេះ លទ្ធផលនៃការប្រកួតរវាងក្រុមចំណាត់ថ្នាក់លេខ២ និងក្រុមលេខ៥ ពីពូល A ដល់ពូល G នឹងមិនត្រូវបានរាប់បញ្ចូលឡើយ ដើម្បីធានានូវការប្រៀបធៀបចុងក្រោយ (ក្រុមលេខ២ ល្អ) ប្រកបដោយតុល្យភាព រវាងក្រុមដែលត្រូវប្រៀបធៀបទាំងអស់ – ហើយក៏អាចកាត់បន្ថយអតុល្យភាពណាមួយដែលអាចកើតមានរវាងក្រុមឈរកំពូលតារាងទាំង៧ បណ្តាលមកពីការបន្ថយចំនួនក្រុមក្នុងពូល H ដែលមានតែ ៤ក្រុម។

សូមបញ្ជាក់ថា ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA World Cup Qatar 2022™)  និងជើងឯកទ្វីបអាស៊ី នៅប្រទេសចិន ឆ្នាំ២០២៣ ( AFC Asian Cup China 2023™) នឹងបន្តនៅថ្ងៃសុក្រទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយមាន ៥៧ប្រកួតប្រព្រឹត្តទៅក្នុងរយៈពេល ១៩ថ្ងៃ និងថ្ងៃប្រកួតចុងក្រោយគ្រោងថ្ងៃទី១៥ ខែមិថុនា។

នៅល្ងាចនេះ មានការប្រកួតមួយគូផងដែរ គឺជប៉ុន ប្រកួតជាមួយ មីយ៉ាន់ម៉ា នៅវេលាម៉ោង ៥:២០នាទីល្ងាច (ម៉ោងនៅកម្ពុជា) ដែលជាការប្រកួតប្រចាំពូល F៕

 

ប្រភព៖ the-afc.com

មតិយោបល់