មនុស្ស ៧នាក់ត្រូវបានចាប់ខ្លួនក្នុងពិធីអបអរក្រុម Lille ឈ្នះជើងឯកលីគកំពូលបារាំង

មាស សុផាណារ៉ុង May 25, 2021


 

បារាំង៖ មានមនុស្សយ៉ាងតិច ៧នាក់ត្រូវបានចាប់ខ្លួននៅក្នុងពិធីជួបជុំដ៏ធំមួយដើម្បីអបអរសាទរក្រុម Lille ដែលបានឈ្នះតំណែងជើងឯកលីគកំពូលបារាំង ឬ Ligue 1 កាលពីថ្ងៃចន្ទម្សិលមិញដោយក្នុងចំណោមនោះមានម្នាក់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតលើមន្ត្រីប៉ូលិសថែមទៀតផង។

យោងតាមរបាយការណ៍របស់ប៉ូលិស មានមនុស្ស ៣នាក់បានយកគ្រាប់កាំភ្លើងមកគប់លេង ចំណែក ២នាក់ទៀតបានដុតបំផ្លាញធុងសំរាម និងម្នាក់ទៀតបានដុតកាំជ្រួចនៅក្នុងចំណោមមនុស្សជាច្រើនពាន់នាក់។ ក្នុងស្ថានភាពនោះមានមនុស្ស ២០នាក់ត្រូវបានសង្គ្រោះបន្ទាន់ដោយ ៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតែម្តង។

ក្រុមអ្នកគាំទ្រក៏បាននាំគ្នាសម្រុកទៅអបអរនៅទីលានប្រវត្តិសាស្ត្រ Grand-Place ជាមួយនឹងការគ្រវីទង់ ផ្សែងពណ៌និងស្រែកច្រៀងបទ “We are the champions” និង “Freed from desire” ហើយរាំរែកយ៉ាងគគ្រឹកគគ្រេងប្រៀបបាននឹងពិធីបុណ្យមួយដូចនោះដែរ។

យ៉ាងណាក៏ដោយ មនុស្សទាំង ៧នាក់ខាងលើបានប្រព្រឹត្តលើសពីការអបអរដោយល្មើសទៅនឹងបម្រាមរបស់អភិបាលក្រុង Lille លោក Michel Lalande ដែលបានលើកទឹកចិត្តឱ្យប្រជាជននៅក្នុងទីក្រុងចូលរួមសប្បាយចំពោះជ័យជម្នះរបស់ក្រុមបាល់ទាត់ប្រចាំតំបន់នេះ ប៉ុន្តែត្រូវធ្វើដោយសុវត្ថិភាពទាំងលក្ខខណ្ឌសុខភាព​ និងសណ្តាប់ធ្នាប់សាធារណៈ និងមិនអាចប្រើប្រាស់កាំជ្រួចនៅតាមដងផ្លូវបានទេ៕

 

ប្រភព៖ AFP

មតិយោបល់