Zico មិនសូវសង្ឃឹមថាប្រទេសកំណើតខ្លួន (ថៃ) ឡើងជុំបន្តជម្រុះ World Cup តែជឿជាក់វៀតណាម ច្រើនជាង

មាស សុផាណារ៉ុង May 25, 2021


 

វៀតណាម៖ លោក Kiatisuk Senamuang ហៅក្រៅ “Zico” ដែលជាគ្រូបង្វឹកសញ្ជាតិថៃ និងកំពុងដឹកនាំក្លិប Hoàng Anh Gia Lai នៃលីគកំពូលវៀតណាម បានបង្ហាញចំណាប់អារម្មណ៍មិនសូវសង្ឃឹមថាប្រទេសកំណើតខ្លួន (ថៃ) ឡើងជុំបន្តជម្រុះបាល់ទាត់ពិភពលោក (World Cup) ប៉ុន្តែបែរជាជឿជាក់លើ ជម្រើសជាតិវៀតណាម ច្រើនជាង។

Zico បានសម្ដែងការកោតសរសើរដល់កីឡាករវៀតណាម រួមទាំងគ្រូបង្វឹកក្រុមកូរ៉េខាងត្បូង លោក Park Hang-seo ដោយជឿជាក់ថាក្រុមជម្រើសជាតិវៀតណាម នឹងឈានទៅវគ្គបន្ត (ជុំចុងក្រោយ) នៃវគ្គជម្រុះ World Cup សម្រាប់ទ្វីបអាស៊ី។

ក្លិប Hoàng Anh Gia Lai មានកីឡាករចំនួន ៧នាក់ជាប់ជម្រើសជាតិវៀតណាម ដែលកីឡាករទាំងនេះក៏ស្ថិតក្នុងអនុសាសន៍ដល់គ្រូជម្រើសជាតិផងដែរ បន្ទាប់ពីការតាមដាន និងវាយតម្លៃ ពី លោក Kiatisuk Senamuang ខណៈពេលផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានវៀតណាម VnExpress លោកបានសារភាពថា ពិតជាចង់ឃើញវៀតណាមឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២។

អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិថៃរូបនេះបាននិយាយថា៖ “ខ្ញុំជឿជាក់ថាវៀតណាមនឹងឈានដល់វគ្គជម្រុះជុំចុងក្រោយ។ បើដូច្នោះមែន វានឹងក្លាយជាជំហានដ៏ធំមួយនៃដំណើរឆ្ពោះទៅមុខសម្រាប់បាល់ទាត់វៀតណាម។ ចំណែកឯក្រុមជម្រើសជាតិថៃវិញ ហាក់ដូចជាពិបាកជាងមុនក្នុងការឈ្នះ ៣ប្រកួតដែលនៅសល់។ ខណៈដែលវៀតណាម ត្រូវការឈ្នះតែ ២ប្រកួត ពីការប្រកួតទាំង ៣ប៉ុណ្ណោះ។ ប្រសិនបើពួកគេលេងបានល្អទល់នឹង ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី នោះវៀតណាមនឹងមានឱកាសឡើងទៅវគ្គបន្ត។”

មើលតារាងចំណាត់ថ្នាក់ពូល G៖

បើមើលតាមតារាងចំណាត់ថ្នាក់ ថៃ ពិតជាពិបាកបន្តិចក្នុងការស្វែងរកកៅអីឡើងជុំបន្ត ដ្បិតបច្ចុប្បន្នកំពុងឈរនៅលេខ៣ ក្នុងពូល ហើយតាមពីក្រោយ វៀតណាម ដែលឈរកំពូលតារាងស្រាប់ ៣ពិន្ទុ ហើយដែលរឹតតែពិបាកនោះ គឺគេត្រូវជួបជាមួយម្ចាស់ផ្ទះ អារ៉ាប់រួម ដែលកំពុងត្រៀមខ្លួនបានយ៉ាងល្អ ហើយនៅសល់ ១ប្រកួតក្នុងដៃថែមទៀតផង ប៉ុន្តែដើម្បីអាចឡើងទៅជុំបន្តបានគេត្រូវតែដាច់ខាតឈ្នះទាំង ៣ប្រកួតដែលនៅសេសសល់ យ៉ាងហោចណាស់អាចក្លាយជាក្រុមលេខ២ ល្អ ផងដែរ។

សូមរំឮកថា ក្រុមរហស្សនាម “ដំរីសឹកថៃ” សល់ការប្រកួតចំនួន ៣ប្រកួតក្នុងពូល G ដោយត្រូវជួប ឥណ្ឌូនេស៊ី នៅថ្ងៃទី០៣ មិថុនា​ បន្ទាប់មកជួបម្ចាស់ផ្ទះ អារ៉ាប់រួម ថ្ងៃទី០៧ មិថុនា និងចុងក្រោយជួប ម៉ាឡេស៊ី ថ្ងៃទី១៥ មិថុនា៕

 

ប្រភព៖ siamsport

មតិយោបល់