មនុស្ស ២១នាក់បាត់បង់ជីវិតដោយសារបញ្ហាធាតុអាកាស ក្នុងការរត់ប្រណាំងចម្ងាយឆ្ងាយនៅប្រទេសចិន

មាស សុផាណារ៉ុង May 24, 2021


 

ចិន៖ យ៉ាងហោចណាស់មានមនុស្ស ២១នាក់បានបាត់បងជីវិតដោយសារតែបញ្ហាធាតុអាកាស នៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ (ចាប់ពី ៥០គីឡូម៉ែត្រឡើងទៅ) ឬ Ultramarathon លើចម្ងាយផ្លូវ ១០០គីឡូម៉ែត្រដែលត្រូវបានធ្វើឡើងនៅតំបន់ភ្នំ Yellow River Stone Forest ក្នុងខេត្ត Gansu នៃប្រទេសចិន។

ក្នុងចំណោមជនរងគ្រោះដល់អាយុជីវិតទាំង ២១នាក់ក៏មានកីឡាករឆ្នើម ២រូបគឺ Liang Jing មានវ័យ ៣១ឆ្នាំដែលតែងតែទទួលបានជោគជ័យក្នុងការប្រកួត Ultramarathon រហូតត្រូវបានប្រសិទ្ធនាមថាជា “Liang God” ឬ “General Liang” និងធ្លាប់ឈ្នះការប្រកួតជាច្រើនរួមទាំងព្រឹត្តិការណ៍ Ultra Gobi ក្នុងចម្ងាយ ៤០០គីឡូម៉ែត្រដោយរត់ឆ្លងកាត់វាលខ្សាច់ Gobi កាលពីឆ្នាំ២០១៨ផងដែរ។

ម្នាក់ទៀតនោះគឺ Huang Guanjun វ័យ ៣៤ឆ្នាំដែលធ្លាប់ឈ្នះក្នុងការប្រកួត China’s 2019 National Paralympic Games លើវិញ្ញាសារត់ប្រណាំងសម្រាប់អត្តពលិកដែលខ្សោយការស្តាប់ផងដែរ។ កីឡាករ Huang Guanjun ត្រូវបានគេអះអាងថា បានចូលរួមការប្រកួតលើកនេះជាមួយនឹងក្តីរំពឹងថា អាចទទួលបានប្រាក់រង្វាន់ប្រមាណជា ១៦០០យ័ន ឬ ២៤៨ដុល្លារអាម៉េរិក ដើម្បីដោះស្រាយជីវភាពដែលកំពុងតែខ្វះខាតព្រោះតែខ្លួនពិការ និងមិនមានការងារជាអចិន្ត្រៃយ៍ឡើយ។

យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តភាគពាយព្យ នៃប្រទេសចិននេះបានបញ្ជាក់ថា ធាតុអាកាសបានប្រែប្រួលភ្លាមទៅជាចុះត្រជាក់ដល់ -24 អង្សារ លាយឡំដោយខ្យល់បោកបក់ខ្លាំង អ្នកចូលរួមម្នាក់ដែលនៅរស់រានមានជីវិតបានផ្តល់សក្ខីកម្មថា ខ្យល់បានបក់ខ្លាំងៗហើយពួកគេចាប់ផ្តើមវិលមុខ ចំណែករាងកាយត្រជាក់ស្ទើរកកហើយអវយវៈចាប់ផ្តើមគ្រប់គ្រងលែងបានពេលនេះគេបានព្យាយាមស្រវារកភួយ ឬសំលៀកបំពាក់ផ្សេងៗមកគ្របដណ្តប់ដើម្បីបង្កើនកម្តៅ ប៉ុន្តែត្រូវរសាត់តាមខ្យល់ទៅបាត់បន្ទាប់មកក៏សម្រេចចិត្តចុចប៊ូតុងស្នើសុំជំនួយសង្គ្រោះបន្ទាន់ ឬ ​SOS និង GPS ប្រាប់ទីតាំងហើយក៏សន្លប់បាត់ស្មារតីតែម្តង។ ជាកុសលបុរសរូបនេះត្រូវបានអ្នកគង្វាលម្នាក់ជួយសង្គ្រោះដោយបាននាំយកទៅកម្តៅភ្នក់ភ្លើងនៅក្នុងរូងភ្នំមួយ។

នៅពេលនេះ មន្ត្រីជំនាញៗកំពុងតែត្រួតពិនិត្យលើករណីនេះ ខណៈដែលមានសំណួរជាច្រើនបានចោតសួរលើអ្នករៀបចំព្រឹត្តិការណ៍កីឡាដែលមានអ្នកចូលរួម ១៧២នាក់នេះថា ហេតុអ្វីបានជាពួកគេនៅតែជម្នះរៀបចំទៀតដោយមិនគោពតាមការប្រកាសរបស់ផ្នែកឧតុនិយមសោះ? មហាជនចិនក៏បានតិះទៀនលើភាពកម្សោយនៃអង្គភាពទទួលបន្ទុកកីឡារបស់រដ្ឋាភិបាលដែលមិនមានការគ្រប់គ្រងតឹងតែងរហូតបណ្តោយឱ្យមានសោកនាដកម្មបែបនេះកើតឡើងទៅបាន។

សូមបញ្ជាក់ថា Gansu ជាខេត្តមួយដែលតែងតែទទួលរងការវាយប្រហារជាញឹកញាប់ដោយគ្រោះធម្មជាតិដូចជាព្យុះខ្សាច់ និងរញ្ជួយផែនដីជាដើម៕

 

ប្រភព៖ AFP

មតិយោបល់