បណ្តាក្លឹបបាល់ទាត់ធំៗនៅទ្វីបអឺរ៉ុប ខាតបង់ប្រាក់ជាង ៩ពាន់លានដុល្លារអាម៉េរិគ ព្រោះតែកូវីដ១៩

មាស សុផាណារ៉ុង May 24, 2021


 

បរទេស៖ យោងតាមរបាយការណ៍របស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបបានបង្ហាញថា​ បណ្តាក្លឹបបាល់ទាត់ធំៗនៅក្នុងទ្វីបនេះបានខាតបង់ប្រាក់ប្រមាណជាជាង ៨ពាន់លានអឺរ៉ូ ឬប្រមាណជាជាង ៩ពាន់លានដុល្លារអាម៉េរិគ ដោយសារតែការរាតត្បាតនៃវីរុសកូវីដ១៩។ ក្នុងនោះទឹកប្រាក់ ២.៧ពាន់លានអឺរ៉ូបានបាត់បង់ដោយសារតែការដកខ្លួនរបស់ដៃគូឧបត្ថម្ភ និង ១.៤ពាន់លានអឺរ៉ូទៀតខាតបង់ព្រោះការធ្លាក់ចុះប្រាក់ចំណេញក្នុងការផ្សព្វផ្សាយ។

ជាមួយគ្នានេះ ចំពោះទឹកប្រាក់ដែលចរាចរណ៍លើការដោះដូរកីឡាករកាលពីខែមករា ក៏មានការធ្លាក់ចុះ ៥៦%ដែរបើធៀបទៅនឹងឆ្នាំមុន។ សម្រាប់ក្លឹបនៅអង់គ្លេសក្តោបក្តាប់ ៤៣% ក្នុងទីផ្សារដោះដូរនៅទូទាំងពិភពលោកដោយ Premier League បានចំណាយច្រើនជាងគេ គឺក្នុងទំហំទឹកប្រាក់រហូត ១.៨ពាន់លានអឺរ៉ូ។

ក្នុងរបាយការណ៍របស់ខ្លួន UEFA បានបង្ហាញថា គេចាំបាច់ធ្វើនូវកំណែទម្រង់លើផ្នែកហិរញ្ញាវត្ថុក្នុងទីផ្សារដោះដូរដោយគណនាឡើងវិញនូវទំហំទឹកប្រាក់ចំណាយដោយត្រូវកាត់បន្ថយរហូតដល់កម្រិតមួយដែលអាចទទួលយកបានស្របទៅតាមគោលការណ៍សុក្រឹតភាពនៃការប្រកួតប្រជែង។ របាយការណ៍ខាងលើ ក៏បានបរិហារគម្រោង Super League ដែលបានដួលរលំទៅវិញត្រឹម ៤៨ម៉ោងនោះថា មិនអាចឆ្លើយតបទៅនឹងផលវិបាកនៃវីរុសកូវីដ១៩ឡើយ ប៉ុន្តែវាជាការបំផ្លាញគុណតម្លៃនៃបាល់ទាត់អឺរ៉ុបទៅវិញទេ៕

 

ប្រភព៖ Reuters

មតិយោបល់