មនុស្ស ៨នាក់ត្រូវបានចាប់ខ្លួនករណីរើសអើងជាតិសាសន៍តាមអនឡាញលើ Son Heung-min

មាស សុផាណារ៉ុង May 23, 2021


 

អង់គ្លេស៖ បុរស ៨នាក់ត្រូវបានប៉ូលិសអង់គ្លេស ចាប់ខ្លួននៅក្នុងបេសកកម្មនៃការបង្ក្រាបការរើសអើងពូជសាសន៍តាមបណ្តាញសង្គម ឬតាមអនឡាញ ទៅលើកីឡាករ Son Heung-min របស់ក្លឹប Tottenham Hotspur កាលពីខែមុន។

មន្ត្រីប៉ូលិសនៅ London’s Metropolitan បានឱ្យដឹងថា ការសើបអង្កេតបានធ្វើឡើងក្រោយពីកីឡាករកូរ៉េខាងត្បូងរូបនេះបានក្លាយជាគោលដៅនៃការវាយប្រហារ ភ្ជាប់ដោយសាររើសអើងពូជសាសន៍នៅលើបណ្តាញ Twitter បន្ទាប់ពីក្រុម Tottenham Hotspur ចាញ់ក្រុម Manchester United ជាមួយនឹងលទ្ធផល ៣-១ កាលពីថ្ងៃទី១១ ខែមេសា កន្លងមក។ ភ្លាមៗក្រុម Tottenham Hotspur ចេញមុខថ្កោលទោសនិងបានហៅថាជា “ទង្វើដ៏គួរឱ្យស្អប់ខ្ពើម”

បើតាមរបាយការណ៍ នៅមានមនុស្ស ៤នាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងការសង្ស័យថា បានប្រើប្រាស់ពាក្យសម្តី អាកប្បកិរិយា និងរូបភាពនានាក្នុងគោលបំណងបង្កើតឱ្យមានការស្អប់ និងរើសអើងជាតិសាសន៍។ ជាការឆ្លើយតបក្លឹប Tottenham Hotspur បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច និងបានលើកឡើងថា “គ្មានទេការរើសអើងនៅក្នុងវិស័យកីឡា និងនៅក្នុងសង្គមជាតិទាំងមូល”

 

ប្រភព៖ Reuters

មតិយោបល់