សមាជិក ១៦៦គាំទ្រ និង ២២ជំទាស់ ការស្នើប្តូរឱ្យរៀបចំ World Cup រៀងរាល់ ២ឆ្នាំម្តង

មាស សុផាណារ៉ុង May 22, 2021


 

អង់គ្លេស៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) នឹងសិក្សាយ៉ាងលម្អិតទៅលើផលប៉ះពាល់ក៏ដូចជាអត្ថប្រយោជន៍នៃផែនការក្នុងការរៀបចំការប្រកួតបាល់ទាត់ពិភពលោក ឬ World Cup ទាំងប្រភេទបុរស និងនារី ដោយត្រូវបានស្នើឱ្យប្តូរមកធ្វើជារៀងរាល់ ២ឆ្នាំម្តងវិញក្រោមការផ្តួចផ្តើមរបស់សហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត ឬ the Saudi Arabian Football Federation (SAFF) និងដែលត្រូវបានដាក់ចូលទៅក្នុងរបៀបវារៈនៃសមាជរបស់​ FIFA កាលពីម្សិលមិញ។

“មានបញ្ហា និងការលំបាកជាច្រើនដែលយើងបានជួបប្រទះក្នុងអំឡុងពេលរាតត្បាតនៃវីរុសកូវីដ១៩ ហេតុនេះ វាជាពេលដែលយើងត្រូវតែពិនិត្យមើលលើរចនាសម្ព័ន្ធនានាជាសកលដើម្បីអាចស្វែងរកឃើញនូវដំណោះស្រាយដ៏ល្អបំផុតមួយសម្រាប់វិស័យកីឡានាពេលអនាគត ក្នុងនោះការរៀបចំប្រកួត ៤ឆ្នាំម្តងក៏ត្រូវតែជាកម្មវត្ថុនៃការសិក្សាព្រោះវាប្រៀបបាននឹងវដ្តមួយដែលមានការទាក់ទងគ្នាទាំងរវាងការប្រកួតប្រជែង និងទាំងអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្ម។” លោក Yasser Al-Misehal ប្រធានសហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត បានលើកឡើងបែបនេះ។

ជាការឆ្លើបតប លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានហៅផែនការនេះថា “ជាសំណើដែលលម្អិត និងមានភាពឧឡារិក” ត្បិតមានប្រទេសជាសមាជិករហូតដល់ ១៦៦បានគាំទ្រ និងមានតែ ២២ប្រទេសប៉ុណ្ណោះដែលជំទាស់ ហើយការសិក្សាសុីជម្រៅនឹងត្រូវធ្វើឡើងនាពេលបន្ទាប់ទៀតពាក់ព័ន្ធទៅនឹងកាលវិភាគប្រកួតអន្តរជាតិនានាដែលកំពុងមានស្រាប់។​

“ខ្ញុំគិតថា វាគ្មានបញ្ហាអ្វីទេនាពេលនេះ ប៉ុន្តែគេត្រូវរង់ចាំមើលលទ្ធផលនៃការសិក្សាសិន ដោយយើងត្រូវពិភាក្សា វិភាគ និងពិនិត្យដោយលម្អិតហើយដោយទូលំទូលាយពិសេសលើគុណតម្លៃនៃ World Cup និងឥទ្ធិពលរបស់វាដោយកំណត់នូវធាតុផ្សំកីឡាជាអាទិភាពមិនមែនផ្តោតតែលើពាណិជ្ជកម្មនោះទេ។” លោក Gianni Infantino បានថ្លែងក្រោយសមាជកាលពីម្សិលមិញ៕

 

ប្រភព៖ Reuters

មតិយោបល់