កូឡុំប៊ី របូតសិទ្ធិជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America ព្រោះភាពវឹកវរនឹងបាតុកម្មនៅក្នុងប្រទេស

មាស សុផាណារ៉ុង May 21, 2021


 

កូឡុំប៊ី៖ ការប្រកួត The 2021 Copa America នឹងមិនអាចកើតមានឡើងនៅក្នុងប្រទេសកូឡុំប៊ី ក្នុងនាមជាសហម្ចាស់ផ្ទះបន្តទៀតឡើយ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អាម៉េរិកខាងត្បូង ឬ South American Football Confederation (CONMEBOL) បានសម្រេចប្តូរការប្រកួតទាំងនេះចេញដោយសារតែកូឡុំប៊ី កំពុងតែរងការបោកបក់ដោយរលកនៃភាពវឹកវរនយោបាយ និងកុបកម្មតវ៉ារបស់ប្រជាជនដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិច​ ១៥នាក់បានបាត់បង់ជីវិត។

តាមគម្រោងពីមុន ប្រទេសកូឡុំប៊ី និងអាហ្សង់ទីន នឹងត្រូវធ្វើម្ចាស់ផ្ទះរួមគ្នាក្នុងព្រឹត្តិការណ៍នេះ​ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ១០៥ឆ្នាំ។ បើទោះបីជាមានការជំទាស់ពីភាគីកូឡុំប៊ី ដែលបានស្នើឱ្យរៀបចំការប្រកួតនៅចុងឆ្នាំក៏ដោយក៏ CONMEBOL បានបដិសេធ។

ខណៈនេះដែរអាហ្សង់ទីន ក៏បានស្នើសុំរៀបចំទាំងស្រុងតែម្តង ប៉ុន្តែមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយស្របពេលដែលស្ថានភាពរាតត្បាតនៃវីរុសកូវីដ-១៩ ក្នុងប្រទេសនេះក៏នៅតែមានកម្រិតខ្ពស់ហើយប្រធានាធិបតី Alberto Fernandez ក៏ទើបតែចេញបញ្ជាឱ្យបិទខ្ទប់តឹងរុឹងក្នុងទឹកដីអាហ្សង់ទីន ចាប់ពីថ្ងៃសៅរ៍នេះ រហូតដល់ថ្ងៃទី៣០ ខែឧសភាខាងមុខ ដោយបានទាំងហាមឃាត់សកម្មភាពកីឡា សាស​នា សកម្មភាពសង្គម សាលារៀន និងអាជីវកម្មដែលមិនចាំបាច់ផងដែរ។

គួររំលឹកថា ហេតុផលស្រដៀងគ្នានេះក៏ធ្លាប់កើតមានលើប្រទេសកូឡុំប៊ី ម្តងហើយកាលពីអំឡុងទសវត្ស១៩៨០ ដោយបានតម្រូវឱ្យប្តូរការប្រកួតវគ្គផ្តាច់ព្រ័ត្រ 1986 World Cup ទៅប្រទេសមិចសុិកូវិញ។ ចំពោះហេតុការណ៍ដែលកំពុងកើតឡើងនៅពេលនេះ គឺក្រុមបាតុករដែលភាគច្រើនជាយុវជនបាននាំគ្នាចុះផ្លូវហើយស្រែកតវ៉ាចំពោះរដ្ឋាភិបាលតាំងពីចុងខែមេសា ឆ្នាំ២០២១ មក​ដោយគ្រោងនឹងជួបជុំធំនាថ្ងៃទី២៦ និងទី២៨ ខែឧសភាខាងមុខ។ បាតុករបាននាំគ្នាសម្តែងការមិនពេញចិត្ត និងទាមទារឱ្យមានកំណែទម្រង់លើគោលនយោបាយពន្ធ ប្រេងឥន្ធនៈ និងស្បៀងអាហារជាដើម៕

 

ប្រភព៖ Reuters

មតិយោបល់