គ្រូពេទ្យ ៧នាក់ជាប់ចោទពីបទមនុស្សឃាតក្នុងករណីមរណភាពស្តេចបាល់ទាត់ Maradona

មាស សុផាណារ៉ុង May 21, 2021


 

អាហ្សង់ទីន៖ ក្រុមគ្រូពេទ្យ ៧នាក់កំពុងប្រឈមនឹងការផ្តន្ទាទោសរហូតដល់ ២៥ឆ្នាំនៅក្នុងពន្ធនាគារ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទល្មើសមនុស្សឃាតចំពោះករណីមរណភាពរបស់ស្តេចបាល់ទាត់អាហ្សង់ទីន Diego Maradona ដែលបានលាចាកលោកកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។

គួររំលឹកថា​ លោក Maradona ត្រូវបានរកឃើញថាបានបាត់បង់ជីវិតក្នុងលំនៅដ្ឋានរបស់លោក ដែលស្ថិតនៅទីក្រុង Buenos Aires ក្នុងវ័យ៦០ឆ្នាំ ហើយតាមការត្រួតពិនិត្យបឋមបានបង្ហាញថា ការស្លាប់នេះគឺបណ្តាលមកពីបញ្ហាបេះដូង ខណៈដែលខ្លួនលោក Maradona ផ្ទាល់ទើបតែបានវះកាត់បញ្ហាខួរក្បាល និងបានព្យាយាមកាត់ផ្តាច់ខ្លួនពីការញៀនគ្រឿងស្រវឹង ក៏ដូចជាសេពគ្រឿងញៀន ផងដែរនោះ។

យ៉ាងណាក៏ដោយ រដ្ឋអាជ្ញាអាហ្សង់ទីនបានបើកការសើបអង្កេតល្អិតល្អន់អំពីករណីនេះហើយជាលទ្ធផលបានបង្ហាញថា អតីតកីឡាករបាល់ទាត់ដ៏ល្បីល្បាញរូបនេះបានបាត់បង់ជីវិតដោយសារតែសុខភាពធ្លាក់ចុះខ្សោយខ្លាំងព្រោះកង្វះជីវជាតិ និងមិនទទួលបានការថែទាំដិតដល់នោះឡើយហើយបើតាមរបាយការណ៍កោសល្យវិច័យ លោកបានរងភាពឈឺចាប់រយៈពេលយូរមុននឹងផុតដង្ហើមដោយសារតែកង្វះអាហារ ឬសាធាតុចិញ្ចឹមគ្រប់គ្រាន់ហើយមិនទទួលបានការត្រួតពិនិត្យ ឬថែទាំសុខភាពពីក្រុមគ្រូពេទ្យបានពេញលេញនោះទេនៅចន្លោះម៉ោង ១២:៣០រំលងអាធ្រាត ជាហេតុធ្វើឱ្យរាងកាយទន់ខ្សោយ និងធ្លាក់ខ្លួនឈឺជាទម្ងន់តែម្តង។

ឆ្លងតាមលទ្ធផលខាងលើ ក្រុងការងារគ្រូពេទ្យទាំង ៧នាក់ដែលមានកំហុសរួមមាន៖ វេជ្ជបណ្ឌិតម្នាក់ដែលទទួលបន្ទុកវះកាត់ខួរក្បាល គ្រូពេទ្យផ្នែកផ្លូវចិត្តម្នាក់ គិលានុបដ្ឋាយិកា ២នាក់ ជំនួយការក្រុមគ្រូពេទ្យម្នាក់ វេជ្ជបណ្ឌិតម្នាក់ និងគ្រូពេទ្យផ្នែកចិត្តវិទ្យាម្នាក់ទៀត។

តាមពិតទៅអ្នកទាំង ៧ត្រូវបានជាប់បម្រាមមិនឱ្យចាកចេញពីប្រទេសអាហ្សង់ទីនក្នុងអំឡុងពេលសើបអង្កេតកន្លងមកមុននឹងត្រូវជាប់ចោទនាពេលនេះ។​ យ៉ាងណាក៏ដោយ សវនាកាកាត់ក្តីនឹងត្រូវចាប់ផ្តើមនាសប្តាហ៍ខាងមុខ ស្របពេលដែលជនជាប់ចោទបានព្យាយាមអះអាងថាពួកគេមិនមានកំហុសនោះទេ៕

 

ប្រភព៖ 90 Min

មតិយោបល់