ប្រធានាធិបតីទួគី រិះគន់ថា ការប្តូរទីកន្លែងប្រកួត Champions League គឺជារឿងនយោបាយ​

មាស សុផាណារ៉ុង May 20, 2021


 

ទួគី៖ ប្រធានាធិបតីទួគី លោក Tayyip Erdogan បានរិះគន់លើការសម្រេចចិត្តរបស់ UEFA​ អំពីការប្តូរទីកន្លែងប្រកួត Champions League ទៅទីក្រុង Porto ប្រទេសប៉ទុយហ្កាល់វិញថាជារឿងនយោបាយ ខណៈដែលក្រុមអង់គ្លេសទាំង ២គឺ Manchester City និង Chelsea ត្រូវប្រកួតប្រជែងគ្នានៅវគ្គផ្តាច់ព្រ័ត្រនេះ។

លោកបានថ្លែងថា៖ “កាលពីប៉ុន្មានឆ្នាំមុន យើងបានទទួលការជូនដំណឹងថាក្នុងវគ្គផ្តាច់ព្រ័ត្រគឺនឹងធ្វើឡើងនៅប្រទេសទួគី ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរភ្លាមៗនៅពេលដែលក្លឹបអង់គ្លេសបានចូលដល់វគ្គនេះ ហើយនាយករដ្ឋមន្ត្រីអង់គ្លេសបានដាក់សម្ពាធជាច្រើនចំពោះបញ្ហានេះ។” លោក Erdogan បានលើកឡើងបែបនេះទៅកាន់ទូរទស្សន៍ជាតិទួគី កាលពីថ្ងៃពុធម្សិលមិញ។

មេដឹកនាំប្រជាជាតិដែលមានដែនដីលាតសន្ធឹងទាំងទ្វីបអឺរ៉ុប និងទាំងតំបន់អាសុីខាងលិច រូបនេះបានបរិហារថា UEFA មិនបានស្វែងរកច្រកចេញដ៏ល្អមួយអំពីកិច្ចពិភាក្សាជាមួយទួគី និងភាគីអង់គ្លេសនោះទេ ប៉ុន្តែបែរជាសន្យាថានឹងឱ្យប្រទេសរបស់លោកធ្វើម្ចាស់ផ្ទះសារជាថ្មីនៅវគ្គផ្តាច់ព្រ័ត្រនាឆ្នាំ២០២៣ ខាងមុខ។

គួររំលឹកថា តាមការគ្រោងទុក ការប្រកួត UEFA Champions League វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន Ataturk Olympic Stadium ក្នុងប្រទេសទួគី ប៉ុន្តែត្រូវប្តូរទៅកាន់កីឡដ្ឋាន Estadio do Dragao ក្នុងប្រទេសប៉ទុយហ្កាល់វិញ បន្ទាប់ពីមានបញ្ហាកើតឡើងពាក់ព័ន្ធនឹងការធ្វើដំណើររបស់អ្នកគាំទ្រព្រោះប្រទេសអង់គ្លេស បានដាក់ប្រទេសទួគីក្នុងបញ្ជីហាមប្រាមការធ្វើដំណើរដោយសារតែការរាតត្បាតនៃវីរុសកូវីដ១៩៕

 

ប្រភព៖ Reuters

មតិយោបល់