Solskjaer៖ គេត្រូវតែគោរពការបញ្ចេញទស្សនៈរបស់កីឡាករអំពីបញ្ហានៅប៉ាឡេស្ទីន

មាស សុផាណារ៉ុង May 20, 2021


 

អង់គ្លេស៖ បន្ទាប់ពីកីឡាករ Paul Pogba និង Amad Diallo បានកាន់បង្ហាញទង់ជាតិប៉ាឡេស្ទីន នៅក្រោយការប្រកួតជាមួយក្រុម Fulham ដែលបានបញ្ចប់ក្នុងលទ្ធផល ១-១ រួចមក អ្នកចាត់ការទូទៅក្លឹប Manchester United លោក Ole Gunnar Solskjaer បានលើកឡើងថា គេត្រូវតែគោពចំពោះទស្សនៈរបស់កីឡាករទាំងនេះ។​

ការបញ្ចេញមតិនេះបានកើតឡើងបន្ទាប់មានការវាយប្រហារដោយអាវុធសារជាថ្មីលើទឹកដីហ្គាហ្សាដែលស្ថិតនៅក្នុងជម្លោះដ៏រុំារ៉ៃរវាងប្រទេសអុីស្រាអែល និងក្រុមហាម៉ាស់។​ កាលពីសប្តាហ៍មុនកីឡាករ Hamza Choudhury និង Wesley Fofana របស់ក្រុម Leicester City ក៏បានបង្ហាញទង់ជាតិប៉ាឡេស្ទីន ដែរក្រោយពេលក្រុមរបស់ពួកគេបានឈ្នះពាន FA Cup ។

សម្រាប់លោក Solskjaer កីឡាករទាំងអស់មានសិទ្ធិពេញលេញក្នុងការបញ្ចេញទស្សនៈរបស់ពួកគេ។ “ខ្ញុំគិតថា យើងត្រូវការកីឡាករដែលមានប្រភពផ្សេងៗគ្នា វប្បធម៌ផ្សេងគ្នា ប្រទេសខុសគ្នា ហើយយើងត្រូវតែគោរពទស្សនាទានរបស់ពួកគេ។ ប្រសិនបើកីឡាកររបស់ខ្ញុំមានការគិតរឿងផ្សេងក្រៅពីបាល់ទាត់វាគឺជារឿងវិជ្ជមាន។” លោកបានថ្លែងបែបនេះ។

យ៉ាងណាក៏ដោយ កីឡាករជនជាតិអុីស្រាអែល Eran Zahavi ដែលកំពុងលេងនៅក្លឹប PSV Eindhoven របស់ហូឡង់បានចំអកដល់កីឡាករ Pogba និង Diallo ដោយបានយករូបភាពរបស់អ្នកទាំងពីរទៅកែកុន ហើយប្តូរទង់ជាតិប៉ាឡេស្ទីន ជាទង់ជាតិអុីស្រាអែលវិញ ហើយបង្ហោះនៅក្នុងបណ្តាញសង្គម​ Instagram របស់ខ្លួនជាមួយនឹងសារថា៖ “អរគុណអ្នកទាំងពីរ ពួកយើងពិតជាមានក្តីអំណរចំពោះការគាំទ្ររបស់អ្នក” (Thanks guys,We appreciate your support all over the world)៕

 

ប្រភព៖ Reuters

មតិយោបល់