Zidane ច្រានចោលព័ត៌មានថា លោកបានប្រាប់កីឡាកររឿងចាកចេញពី Real Madrid

មាស សុផាណារ៉ុង May 17, 2021


 

អេស្ប៉ាញ៖ លោក Zinedine Zidane បានចេញមុខច្រានចោលព័ត៌មានដែលថា លោកបានប្រាប់កូនក្រុមកាលពីសប្តាហ៍មុន​ថាលោកនឹងចាកចេញពីក្លឹប Real Madrid ក្រោយរដូវកាលនេះបញ្ចប់ ខណៈដែលក្រុមរបស់លោកទើបតែបានឈ្នះក្រុម Athletic Bilbao ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

តាមរយៈជ័យជម្នះនេះ Real Madrid កំពុងតែមានឱកាសដើម្បីប្រជែងយកជើងឯក La Liga​​ ដោយកំពុងតាមក្រោយក្រុម Atletico Madrid ជាមួយនឹងការខុសគ្នាត្រឹមតែ​២ពិន្ទុតែប៉ុណ្ណោះ។ ហេតុនេះ សម្រាប់ Zidane ជំនួបចុងក្រោយជាមួយ Villarreal នាថ្ងៃអាទិត្យនេះគឺជាអ្វីដែលលោកកំពុងតែផ្តោតសំខាន់បំផុត។

“តើខ្ញុំអាចប្រាប់កីឡាករថាខ្ញុំនឹងចាកចេញយ៉ាងម៉េចកើត? ពួកយើងកំពុងតែលះបង់គ្រប់យ៉ាងដើម្បីប្រជែងយកតំណែងជើងឯក ស្របពេលដែលអ្នកដទៃដែលនៅក្រៅក្លឹបអាចនិយាយអ្វីក៏បាន ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនបាននិយាយរឿងចាកចេញជាមួយកីឡាករទេ។ អ្វីៗអាចនឹងដឹងច្បាស់នៅពេលរដូវកាលនេះបញ្ចប់ ប៉ុន្តែពេលនេះ យើងកំពុងផ្តោតលើការប្រកួតចុងក្រោយជាងអ្វីទាំងអស់។” លោក Zinedine Zidane បានអះអាងបែបនេះ។

គួររំលឹកថា អតីតកីឡាករជម្រើសជាតិបារាំងរូបនេះ បានចូលដឹកនាំក្រុម Real Madrid ជាលើកដំបូងពីឆ្នាំ២០១៦ ដល់២០១៨ និងបានឈ្នះពានលីគកំពូលអេស្ប៉ាញ ៣សម័យកាលជាប់ៗគ្នាមុននឹងសម្រេចចិត្តចាកចេញនាពេលបន្ទាប់មកទៀត។ មួយឆ្នាំក្រោយមក លោកបានចូលមកបំពេញតួនាទីជាគ្រូង្វឹកសារជាថ្មីបន្ទាប់ពីលោក Julen Lopetegui និង Santiago Solari ត្រូវបានបណ្តេញចេញដោយប្រធានក្លឹប៕

 

ប្រភព៖ Reuters

មតិយោបល់