Leicester ឈ្នះ FA Cup យប់មិញ គឺបង្កើនការឈ្នះពាន១៤ គ្រប់ពានរង្វាន់ក្នុងរយៈពេល ១៣៧ឆ្នាំ

មាស សុផាណារ៉ុង May 16, 2021


 

អង់គ្លេស៖ ក្រុម Leicester City បានឈ្នះពានរង្វាន់ FA Cup ជាផ្លូវការហើយ កាលពីយប់មិញ ថ្ងៃទី១៥ ឧសភា ក្រោយយកក្រុម Chelsea ក្នុងលទ្ធផល ១ទល់០ ទាំងប្រផិតប្រផើយ ខណៈលើកពានយប់មិញនេះ គឺជាពានទី១៤ របស់ក្លិបគ្រប់កម្មវិធីទាំងអស់ផងដែរ ចាប់តាំងពីក្លិបបង្កើតឡើងបាន ១៣៧ឆ្នាំ និងជាលើកដំបូងក្នុងការឈ្នះពានរង្វាន់ដដែលនេះផងដែរ។

ក្រុមដែលមានម្ចាស់ក្លិបជាជនជាតិថៃចូលមកវិនិយោគនៅឆ្នាំ២០១០ មួយនេះ ត្រូវបានដឹងថាបង្កើតឡើងតាំងពីឆ្នាំ១៨៨៤ ប៉ុន្តែពុំសូវបានចាត់ទុកថាជាក្រុមជោគជ័យខ្លាំងនោះឡើយ ដ្បិតពានរង្វាន់ផ្សេងៗទៀតដែលគេធ្លាប់ឈ្នះច្រើនតែជាពានរង្វាន់លំដាប់ក្រោម ដែលរួមមានលីគទី២ និងលីគទី៣ អង់គ្លេស រួមទាំងពានកម្រិតទី៣ ប្រចាំប្រទេស (League Cup) ជាដើម ប៉ុន្តែនៅក្នុងរយៈពេលមិនដល់ ១០ឆ្នាំចុងក្រោយ ពួកគេបានសាងភាពភ្ញាក់ផ្អើលដល់ពិភពបាល់ទាត់ ដោយបានឈ្នះលីគកំពូលអង់គ្លេស (Premier League) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិបផងដែរ និងយប់មិញនេះឈ្នះពានកម្រិតទី២ ប្រចាំប្រទេស (FA Cup) ជាលើកដំបូងបន្ថែមទៀត ស្មើនឹងបង្កើនចំនួនពានទៅក្នុងសារៈមន្ទីរ រហូតដល់ ១៤ពាន។

សរុបពានរង្វាន់ទាំង១៤ ដែល Leicester City រួមមាន៖

  • លីគកំពូលអង់គ្លេស (Premier League) ឈ្នះម្ដង នៅឆ្នាំ២០១៥-២០១៦
  • ពានកម្រិតទី២ ប្រចាំប្រទេស (FA Cup) ឈ្នះម្ដង នៅឆ្នាំ២០២០-២០២១
  • ពានកម្រិតទី៣ ប្រចាំប្រទេស (League Cup) ឈ្នះ ៣ដង នៅឆ្នាំ១៩៦៣-៦៤, ១៩៩៦-៩៧, ១៩៩៩-២០០០
  • លីគទី២ អង់គ្លេស (League Championship) ឈ្នះ ៧ដង នៅឆ្នាំ១៩២៤-២៥, ១៩៣៦-៣៧, ១៩៥៣-៥៤, ១៩៥៦-៥៧, ១៩៧០-៧១, ១៩៧៩-៨០, ២០១៣-១៤
  • លីគទី៣ អង់គ្លេស (League One) ឈ្នះម្ដង នៅឆ្នាំ២០០៨-០៩
  • និងពានរង្វាន់បើករដូវកាល (FA Community Shield) ឈ្នះម្ដង នៅឆ្នាំ១៩៧១

អ្វីដែលគួរឲ្យចាប់អារម្មណ៍ចាប់តាំងពីមហាសេដ្ឋីថៃ លោក Vichai Srivaddhanaprabha បានចូលខ្លួនមកវិនិយោគលើក្លិប Leicester នាឆ្នាំ២០១០ ហើយក្រោមការដឹកនាំរបស់លោក ក្លិបនេះបានឡើងមកលេងនៅលីគកំពូលអង់គ្លេស នាឆ្នាំ២០១៤ ថែមទាំងបានឈ្នះជើងឯកនារដូវកាល២០១៥-១៦ គឺឈ្នះសុទ្ធតែពានរង្វាន់ធំៗ ជាប្រវត្តិសាស្ត្រសម្រាប់ក្លិប។

លោក Vichai នៅខាងស្ដាំ

យ៉ាងណាមិញគួរឲ្យសោកស្ដាយ នាខែតុលា ឆ្នាំ២០១៨ លោក Vichai និងអ្នករួមដំណើរ ៤នាក់ទៀតបានទទួលមរណភាពក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ នាបរិវេណកីឡដ្ឋាន King Power ដែលបាននាំមកនូវទុក្ខសោក និងក្តីសោកស្តាយពន់ពេក សម្រាប់ក្លិបទាំងមូល រួមទាំងពិភពបាល់ទាត់ទាំងមូលផងដែរ។

បញ្ជាក់ថា បច្ចុប្បន្នក្លិបនៅតែបន្តគ្រប់គ្រងដោយកូនប្រុសរបស់លោក គឺលោក Aiyawatt Srivaddhanaprabha ដែលជាម្ចាស់ក្រុមហ៊ុនធំ King Power ផ្ទាល់តែម្ដង៕

មតិយោបល់