Leicester ចង់ឈ្នះពាន FA Cup ដើម្បីឧទ្ទិសជូនអតីតម្ចាស់ក្លឹបគឺមហាសេដ្ឋីថៃ Vichai

មាស សុផាណារ៉ុង May 15, 2021


 

អង់គ្លេស៖ ក្រុម Leicester City នឹងត្រូវប្រកួតជាមួយក្រុម Chelsea ដើម្បីដណ្តើមពាន FA Cup នាថ្ងៃទី១៥ នេះ ខណៈដែលថ្នាក់ដឹកនាំក្លឹបបានប្រកាសថា ជ័យជម្នះនៃការប្រកួតនេះពិតជាសំខាន់ ព្រោះជាការឧទ្ទិសជាកិត្តិយសដល់វិញ្ញាណក្ខន្ធអតីតម្ចាស់ក្លឹប គឺលោកមហាសេដ្ឋីថៃ Vichai Srivaddhanaprabha និងក្រុមគ្រួសារ។

គួរបញ្ជាក់ថា លោក Vichai Srivaddhanaprabha បានចូលខ្លួនមកវិនិយោគលើក្លឹប Leicester នាឆ្នាំ២០១០ ហើយក្រោមការដឹកនាំរបស់លោក ក្លឹបនេះបានឡើងមកលេងនៅលីគកំពូលអង់គ្លេស នាឆ្នាំ២០១៤ ថែមទាំងបានឈ្នះជើងឯកនារដូវកាល២០១៥/១៦ ទៀតផង។ ក៏ប៉ុន្តែនាខែតុលា ឆ្នាំ២០១៨ លោក Vichai និងអ្នករួមដំណើរ ៤នាក់ទៀតបានទទួលមរណភាពក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ នាបរិវេណកីឡដ្ឋាន King Power ដែលបាននាំមកនូវទុក្ខសោកនិងក្តីសោកស្តាយពន់ពេក។

អ្នកចាត់ការទូទៅក្លឹប Leicester លោក Brendan Rodgers បានថ្លែងថា៖ “ពួកយើងចង់ឈ្នះដើម្បីលោក Vichai និងក្រុមគ្រួសារហើយខ្ញុំជឿថាវិញ្ញាណក្ខន្ធរបស់លោកគឺនៅទីនេះជាមួយយើង”។ ​ សូមបញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលក្លឹប Leicester បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពាន FA Cup ក្នុងរយៈពេល ៥២ឆ្នាំមកនេះ៕

 

ប្រភព៖ reuters

មតិយោបល់