ហេតុផល ជំនួប Man City និង Chelsea វគ្គផ្តាច់ព្រ័ត្រ Champions League ត្រូវធ្វើនៅ Porto

មាស សុផាណារ៉ុង May 14, 2021


 

ប៉ទុយហ្កាល់៖ នៅទីបំផុតជំនួបរវាង Man City និង Chelsea វគ្គផ្តាច់ព្រ័ត្រ Champions League ត្រូវបានប្តូរជាផ្លូវការហើយដោយនឹងធ្វើឡើងនាថ្ងៃទី២៩ ខែឧសភា នៅកីឡដ្ឋា​ន Estádio do Dragão ក្នុងទីក្រុង Porto នៃប្រទេសប៉ទុយហ្កាល់វិញ ដោយសារតែប្រទេសទួគី ដែលជាទីតាំងដើមកំពុងស្ថិតនៅក្នុងបម្រាមធ្វើដំណើររបស់ប្រទេសអង់គ្លេស ជាហេតុនាំឱ្យអ្នកគាំទ្រមិនអាចធ្វើដំណើរទៅទស្សនា ឬគាំទ្រក្រុមទាំង ​២បានទេ។

ជាមួយគ្នានេះ ក្រុមទាំង ២នឹងទទួលបានសំបុត្រសម្រាប់លក់ដល់អ្នកគាំទ្រចំនួន ៦,០០០សន្លឹកស្មើៗគ្នា ប៉ុន្តែចំពោះចំនួនទស្សនិកជនសរុបដែលត្រូវអនុញ្ញាតឲ្យចូលរួមទស្សនានៅមិនទាន់កំណត់ពិតប្រាកដនៅឡើយទេ ខណៈដែលគេរំពឹងថានឹងមានមនុស្សចូលរួមច្រើន​ ព្រោះប្រទេសប៉ទុយហ្កាល់ត្រូវបានដកចេញពីបញ្ជីហាមប្រាមធ្វើដំណើររបស់អង់គ្លេស ចាប់ពីថ្ងៃទី១៧ ខែឧសភា នេះតទៅ។

ចំពោះប្រទេសទួគី ដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពបិទខ្ទប់ដោយសារតែការរាតត្បាតនៃវីរុសកូវីដ១៩ បានប្រកាសថា ខ្លួនសង្ឃឹមថានឹងអាចធ្វើជាម្ចាស់ផ្ទះសារជាថ្មីនាឆ្នាំ២០២៣ ដើម្បីជាការអបអរខួបទី១០០ឆ្នាំ នៃការធ្វើបដិវត្តន៍ប្តូរប្រទេសនេះមកជាសាធារណរដ្ឋផងដែរនោះ៕

 

ប្រភពៈ CNA

មតិយោបល់