ក្លឹប Ajax រំលាយពានជើងឯកលើកទី៣៥របស់ខ្លួនហើយច្នៃជារូបផ្កាយ ៤២,០០០ ជូនជាកិតិ្តយសដល់អ្នកគាំទ្រ

មាស សុផាណារ៉ុង May 13, 2021


 

ហូឡង់៖ ក្រុម Ajax (AFC Ajax) ដែលជាជើងឯកនៃលីគកំពូលប្រទេសហូឡង់ (Eredivisie) បានសម្រេចធ្វើរឿងមួយសម្រាប់អ្នកគាំទ្ររបស់ខ្លួនដោយបានរំលាយពានជើងឯកលើកទី៣៥ សាងអំពីប្រាក់របស់ពួកគេហើយច្នៃចេញជារូបផ្កាយចំនួន ៤២,០០០ដើម្បីជាកាដូដល់អ្នកគាំទ្រ ដែលអវត្តមានអស់មួយរដូវកាលមិនបានចូលរួមទស្សនាផ្ទាល់ការប្រកួតរបស់ក្រុមដែលពួកគេស្រឡាញ់ឡើយដោយសារតែផលវិបាកនៃការរាតត្បាតវីរុសកូវីដ១៩។

ការធ្វើបែបនេះក៏ជាការបញ្ជាក់ថា អ្នកគាំទ្រទាំង ៤២,០០០នាក់ដែលបានទិញសំបុត្រចូលរួមទស្សនានៅកីឡដ្ឋាន​ Johan Cruyff Arena តែត្រូវខកខានដោយសារតែវិធានការសុវត្ថិភាពនោះបានរួមចំណែកដើម្បីឈ្នះពានលីគទាំងអស់គ្នា។

ប្រធានប្រតិបត្តិក្លឹប Ajax លោក Edwin van der Sar បានលើកឡើងថា ជោគជ័យឆ្នាំនេះបានប្រព្រឹត្តទៅដោយការប្រកួតនីមួយៗមិនមានវត្តមានរបស់អ្នកគាំទ្រផ្ទាល់នោះទេ ប៉ុន្តែពួកគេបានលើកទឹកចិត្តយ៉ាងផុសផុលតាមវិធីផ្សេងៗដូចជានៅលើបណ្តាញសង្គមជាដើម ដូចនេះតំណែងជើងឯកនេះគឺសម្រាប់អ្នកគាំទ្រទាំងអស់ហើយ ហេតុនេះ ការចែករំលែកផ្នែកទាំងឡាយនៃពានរង្វាន់គឺបង្ហាញថា ពួកគេគឺជាម្ចាស់ជើងឯកយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ថា ទោះបីជាបានរំលាយពានក៏ពិតមែន​ប៉ុន្តែសហព័ន្ធបាល់ទាត់ហូឡង់ (the Royal Dutch Football Association) ក៏បានរៀបចំពានមួយទៀតដូចគ្នាសម្រាប់ក្លឹប Ajax យកទៅដាក់តាំងបង្ហាញជាមួយបណ្តាពានដទៃទៀតនៅកីឡដ្ឋានរបស់ខ្លួនសម្រាប់ទស្សនិកជនចូលរួមទស្សនាបានដដែល៕

 

ប្រភព៖ BBC

មតិយោបល់