នាយករដ្ឋមន្ត្រីអង់គ្លេស អនុញ្ញាត្តឲ្យទស្សនិកជនដល់ ១មុឺននាក់អាចចូលទស្សនាការប្រកួតកីឡានានាចាប់ពីថ្ងៃទី១៧ ឧសភាតទៅ

មាស សុផាណារ៉ុង May 11, 2021


 

អង់គ្លេស៖ លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស ទើបតែបានអនុម័តយល់ព្រមលើការអនុញ្ញត្តឱ្យទស្សនិករហូតដល់ ១មុឺននាក់អាចចូលរួមទស្សនាព្រឹត្តិការណ៍ប្រកួតកីឡានានានៅក្នុងប្រទេស ដែលនេះជាការអនុវត្តនូវជំហានទី៣ នៃផែនការតម្រង់ទិសទាំង៤ ស្តីពីការកំណត់ចំនួនទស្សនិកនៅតាមកីឡដ្ឋានដែលត្រូវបានដាក់ចេញនាពេលកន្លងមកព្រមទាំងបានអនុវត្តប្រកបដោយប្រសិទ្ធភាពនោះ។

យើងតាមការកំណត់ ការប្រកួត outdoor នៅកីឡដ្ឋានដែលមានទំហំធំ ឬមានចំនួនកៅអីច្រើន នឹងអាចបើកឱ្យទស្សនិកជនចូលរួមចំនួន ១មុឺននាក់ ឬ ២៥% នៃចំនួនផ្ទុកសរុប។ ចំពោះកីឡដ្ឋានដែលមានទំហំតូចជាង ឬមានចំនួនផ្ទុកសរុបត្រឹម​ ១មុឺននាក់នឹងត្រូវអនុញ្ញត្តឱ្យចូលទស្សនាត្រឹម ៤០០០នាក់ ឬស្មើនឹង ៥០%នៃចំនួនផ្ទុកសរុប។ សម្រាប់ការប្រកួត indoor វិញ អនុញ្ញាត្តឱ្យមានទស្សនិកជនត្រឹម ១,០០០នាក់ ឬ ៥០% នៃចំនួនផ្ទុកសរុប ខណៈដែលនៅទីលានប្រណាំងសេះអាចចូលរួមបានដល់ ៤,០០០នាក់។

ការសម្រេចនេះត្រូវបានស្វាគមន៍ភ្លាមៗដោយនាយកប្រតិបត្តិ Premier League លោក Richard Masters ដោយបានលើកឡើងថា វាជារឿងដ៏អស្ចារ្យក្នុងការបានឃើញអ្នកគាំទ្រ ឬទស្សនិកជនមានវត្តមានឡើងវិញដែលជាផ្នែកដ៏សំខាន់ដើម្បីបង្កើនភាពរស់រវើកក្នុងវិស័យបាល់ទាត់ ជាពិសេសក្នុងការប្រកួតបិទបញ្ចប់រដូវកាលនេះតែម្តង ដែលតាមគ្រោងទុក ក្រុមអ្នកគាំទ្រនឹងអាចបង្ហាញខ្លួននៅកីឡដ្ឋានផ្ទាល់ ក្នុង ២ប្រកួតចុងក្រោយនៃរដូវកាល នាថ្ងៃទី១៨-១៩ និង ២៣ ខែឧសភា ខាងមុខនេះ ជាពិសេសក្នុងការប្រកួតផ្តាច់ព្រ័ត្រ FA Cup រវាងក្រុម Chelsea និង Leicester City ដែលមានការយាងចូលរួមជាអធិបតីពីសំណាក់ព្រះអង្គម្ចាស់ William (The Duke of Cambridge) ដើម្បីប្រទានពានរង្វាន់ដល់ក្រុមជ័យលាភីផងដែរ។

សូមបញ្ជាក់ថា ការកំណត់នេះបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរអង់គ្លេសបានអនុវត្តសាកល្បង ២ដំណាក់កាលកន្លងមកដោយជោគជ័យដោយបានអនុញ្ញត្តឱ្យទស្សនិកជនបានចូលទស្សនាជាជំហានៗ ដោយមិនមានករណីឆ្លងរាលដាលកូវីដ-១៩ ឡើយ ស្របពេលដែលរដ្ឋាភិបាលអង់គ្លេស ក៏កំពុងតែទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ក្នុងដំណើរការចាក់វ៉ាក់សាំង និងការកាត់បន្ថយអត្រាឆ្លងប្រចាំថ្ងៃនោះ៕

 

ប្រភព៖ BBC Sport

មតិយោបល់