ចិន ផ្តល់សញ្ជាតិដល់កីឡាករបរទេសបន្ថែមទៀតដើម្បីពង្រឹងក្រុមជម្រើសជាតិត្រៀម World Cup

មាស សុផាណារ៉ុង May 11, 2021


 

ចិន៖ មហាអំណាចចិន បានសម្រេចធ្វើសញ្ជតូបនីយកម្មដល់កីឡាករបរទេស ៥នាក់បន្ថែមទៀតក្នុងគោលដៅដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋចិន និងមានសិទ្ធិគ្រប់គ្រាន់ក្នុងចូលរួមលេងជាមួយក្រុមជម្រើសជាតិចិន សម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup) ខាងមុខនេះ អមដោយក្តីរំពឹងថានឹងទទួលបានលទ្ធផលល្អបន្ថែមទៀត។

យ៉ាងណាក៏ដោយ សកម្មភាពនេះបានរងការរិះគន់ខ្លះដែរ ខណៈដោយមានការលើកឡើងថា ប្រទេសចិនជាដែនដីសម្បូរដោយប្រជាជនរាប់ពាន់លាននាក់ ប៉ុន្តែបែរជាមិនមានកីឡាករដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ជម្រើសជាតិទៅវិញ។

បើពិនិត្យលើភាពជាក់ស្តែងទោះបីមានទឹកដីធំ ប្រជាជនច្រើន ថែមទាំងជាមហាអំណាចសេដ្ឋកិច្ចក៏ពិតមែន ប៉ុន្តែចិនមិនមែនជាមហាអំណាចលើវិស័យបាល់ទាត់នោះទេ ដោយកំពុងឈរនៅលេខរៀងទី៧៧ នៃចំណាត់ថ្នាក់ពិភពលោក ពោលគឺនៅពីក្រោមជប៉ុន (លេខរៀងទី២៨) និងកូរ៉េខាងត្បូង (លេខរៀងទី៣៩) ទៅទៀត កត្តានេះហើយដែលជំរុញឱ្យថ្នាក់ដឹកនាំចិនបន្តលើកទឹកចិត្តឱ្យវិស័យឯកជន និងបណ្តាក្លឹបបាល់ទាត់អាជីពចាយលុយច្រើនឡើងៗដើម្បីអភិវឌ្ឍន៍វិស័យនេះពិសេសគោលដៅធំនា Qatar 2022 World Cup តែម្តង។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Li Tie ក្រុមជម្រើសជាតិចិន​មានសមាជិកដែលទើបទទួលបានសញ្ជាតិប្រេសុីល ៣រូបគឺកីឡាករ Elkeson, Fernando Henrique និង Alan Carvalho រួមជាមួយនឹងអតីតខ្សែការពារនៅក្លឹប Everton និងកំពុងលេងនៅក្លឹប Guangzhou FC គឺកីឡាករ Tyias Browning ចំណែកឯអ្នកទី៥ គឺ Nico Yennaris ដែលជាអតីតខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal ព្រមទាំងលេងនៅក្រុមថ្នាលយុវជនរបស់អង់គ្លេសផងដែរ។

ជាមួយនឹងកម្លាំងថ្មីទាំងនេះ លោក Li Tie ដែលធ្លាប់លេងនៅក្លឹបអង់គ្លេស Everton ដែរនោះរំពឹងថា ក្នុងបេសកកម្ម Qatar 2022 World Cup ជម្រើសជាតិចិន នឹងទទួលបានលទ្ធផលល្អដោយពេលនេះកំពុងឈរនៅលេខ២ពូល A វគ្គជម្រុះទ្វីបអាសុីជាមួយនឹង ៨ពិន្ទុនៅក្នុងដៃប៉ុន្តែត្រូវការឡើងទៅកំពូលតារាងជាដាច់ខាតដើម្បីទទួលបានឱកាសក្នុងការឡើងទៅវគ្គបន្ទាប់ទៀត។ សម្រាប់ការប្រកួតពូល A នេះដែរនឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែឧសភា រហូតដល់ថ្ងៃទី១៥ ខែមិថុនា ដោយម្ចាស់ផ្ទះចិនត្រូវជួបក្រុមជម្រើសជាតិហ្កាម, ម៉ាល់ឌីវ, ហ្វីលីពីន និងសុីរី៕

 

ប្រភព៖ AFP

មតិយោបល់