ម្ចាស់ក្លឹប Man Utd សន្យាគាំទ្រ Ole លើការដោះដូរកីឡាករ និងបង្ហាញឆន្ទៈកែទម្រង់នៅក្នុងក្លឹប

មាស សុផាណារ៉ុង May 10, 2021


 

អង់គ្លេស៖ ក្រោយពីមានសកម្មភាពតវ៉ាពីអ្នកគាំទ្ររហូតដល់សម្រុកចូលកីឡដ្ឋាន​ Old Trafford ដើម្បីបង្ហាញការមិនពេញចិត្តចំពោះរបៀបដឹកនាំក៏ដូចជាការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំក្លឹបនោះ នាពេលនេះភាគីទាំងពីរបានឈានទៅដល់ស្ថានភាពដែលប្រសើរឡើងវិញបន្តិចបន្ទាប់ពីគ្រួសារ Glazer បានសូមអភ័យទោសចំពោះអ្នកគាំទ្រ និងបង្ហាញពីចេតនាក្នុងការទទួលយកសំណើខ្លះៗដើម្បីឈានទៅរកការកែទម្រង់នៅក្នុងក្លឹបផងដែរនោះព្រមទាំងសន្យាថា នឹងបន្តគាំទ្រការសម្រេចចិត្តរបស់គ្រូបង្វឹក Ole Gunnar Solskjaer ពិសេសលើការជ្រើសរើសនិងដោះដូរកីឡាករតែម្តង។

លោក Joel Glazer ដែលជាសហប្រធានក្លឹបបានបញ្ជាក់ទៅកាន់ក្រុមអ្នកគាំទ្រ ឬ Manchester United Supporters Trust ថា៖ “ខ្ញុំសូមទទួលយកនូវទស្សនាទានអំពីការកែទម្រង់ដោយនឹងស្វែងរកការពិភាក្សាឬការប្រឹក្សាយោបល់ជាមួយអ្នករាល់គ្នាក្នុងនាមជាតំណាងអ្នកគាំទ្រទាំងអស់ យើងខ្ញុំក៏បានកត់សម្គាល់ឃើញថាគ្រប់ការសម្រេចចិត្តទាំងអស់របស់ក្លឹបគឺត្រូវតែរក្សាគុណតម្លៃរបស់អ្នកគាំទ្រនិងគុណតម្លៃនៃកីឡាបាល់ទាត់ជាអាទិភាពហើយយើងនឹងទទួលយករាល់ដំបូន្មានល្អៗដើម្បីកសាងឡើងនូវវិធីដ៏ប្រសើរមួយក្នុងការស្ថាបនានូវគោលការណ៍នេះ។”

លោកបានបន្ថែមថា សម្រាប់គ្រួសារ Glazer ការយកចិត្តទុកដាក់ និងការការពារក្លឹប Manchester United គឺតែងតែជាទទួលខុសត្រូវចម្បងដើម្បីធានាថាអ្វីៗនឹងដំណើរការទៅប្រកបដោយចីរភាពនិងប្រសិទ្ធភាពក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់នានាជាមួយនឹងដំណើរវឌ្ឍនភាពរបស់ក្រុមមួយដែលប្រកបដោយគុណភាពខ្ពស់កម្រិតសកលលោកថែមទៀត។​

ទោះបីជា ការសន្យានេះមានភាពជាក់លាក់ក៏ពិតមែនប៉ុន្តែក្រុម Manchester United Supporters Trust បានធ្វើការស្វាគមន៍ដោយប្រយ័ត្នប្រយែងបំផុតនិងបានអះអាងថាពួកគេនឹងរង់ចាំមើលលទ្ធផលជាក់ស្តែងជាជាងការសន្យាត្រឹមតែពាក្យសម្តី។ យ៉ាងណាក៏ដោយ គេរំពឹងថា កំណែទម្រង់ថ្មីគួបផ្សំនឹងការគាំទ្រលើការជ្រើសរើសកីឡាករអាចជាដំណោះស្រាយល្អចំពោះមុខបញ្ហាដែលបានញាុំញីក្លឹបបិសាចក្រហមពិសេសទៅលើប្រជាប្រិយភាពក៏ដូចជាភាពជោគជ័យនារដូវកាលបន្តបន្ទាប់ខណៈដែលយុគមាសរបស់ Manchester United បានលិចលង់ទៅតាំងតែពីររជ្ជកាលដឹកនាំរបស់ Sir Alex Ferguson បានបញ្ចប់ទៅនាឆ្នាំ២០១៣នោះ៕

 

ប្រភព៖ AFP

មតិយោបល់