ឈ្នះ Bundesliga លើកទី៩ តែប្រធានក្លឹប Bayern លុបចោលគម្រោងដោះដូរកីឡាករថ្លៃៗ

មាស សុផាណារ៉ុង May 9, 2021


 

អាល្ល៉ម៉ង់ដ៏៖ ប្រធានក្លឹប Bayern Munich លោក Herbert Hainer បានលើកឡើងថា សម្រាប់រដូវកាលថ្មីខាងមុខក្លឹបយក្សនៅ Bundesliga នេះ​នឹងមិនមានគម្រោងទិញ ឬដោះដូរកីឡាករដែលមានតម្លៃខ្លួនថ្លៃនោះទេព្រោះតែផលវិបាកនៃការរាតត្បាតវីរុសកូវីដ-១៩ ដែលបានធ្វើឲ្យវិស័យជាច្រើនរងការខាតបង់។

“យើងនឹងបន្ថែមកីឡាករខ្លះៗប៉ុន្តែមិនមែនជាកីឡាករដែលមានតម្លៃថ្លៃៗនោះទេៗ ខ្ញុំអាចនិយាយបានថា ពេលនេះយើងមានក្រុមកីឡាករវ័យក្មេងដ៏ពូកែៗនិងប្រកបដោយសក្តានុពល ហេតុនេះយើងមិនមានការព្រួយបារម្ភអ្វីឡើយ។” លោក Herbert Hainer បានថ្លែងប្រាប់សារព័ត៌មានអាល្លឺម៉ង់ដ៏ Bild បែបនេះកាលពីម្សិលម្ងៃ។

លោក Herbert Hainer បានសង្កត់ធ្ងន់ថា៖ “យើងក៏ចង់មានក្រុមមួយដែលល្អបំផុត ប៉ុន្តែជាក់ស្តែងវាអាស្រ័យលើលំនឹងហិរញ្ញវត្ថុរបស់ក្លឹបហើយជាការពិតវីរុសកូវីដ-១៩ បានវាយប្រហារដល់​ Bayern Munich និងបង្កឱ្យមានផលប៉ះពាល់ដល់គម្រោងចំណាយរបស់យើងព្រោះតាំងពីខែមីនា ឆ្នាំ២០២០មកយើងរកចំណូលបានតិចជាង ១៥០លានអឺរ៉ូនៅពេលដែលការប្រកួតគឺធ្វើឡើងដោយបិទទ្វារនោះ។”

សូមបញ្ជាក់ថា ក្រុម Bayern Munich បានឈ្នះពានលីគកំពូលអាល្លឺម៉ង់ដ៏ Bundesliga សម្រាប់រដូវកាលនេះ និងជាលើកទី៩ របស់ខ្លួនព្រមទាំងជាលើកទី៧ របស់គ្រូបង្វឹកលោក Hansi Flick ដែលទំនងនឹងក្លាយជាគ្រូបង្វឹកថ្មីក្រុមជម្រើសជាតិអាល្លឺម៉ង់ដ៏ក្រោយចាកចេញពី​ Bayern នាពេលរដូវកាលនេះបញ្ចប់។

ក្លឹបយក្សនេះក៏ទើបតែចាយប្រាក់ប្រមាណជាជាង​ ៨០លានដុល្លារអាម៉េរិគទៅក្លឹប RB Leipzig ដើម្បីនាំយកគ្រូបង្វឹកថ្មីលោក Julian Nagelsmann ​និងខ្សែបម្រើកណ្តាលជនជាតិបារាំង Dayot Upamecano សម្រាប់រដូវកាលក្រោយ៕

មតិយោបល់