ញូវហ្សឺឡែន បញ្ជាក់ជំហរច្បាស់លាស់ថានឹងចូលរួម Tokyo Olympics ជាមួយនឹងទំនុកចិត្តខ្ពស់លើម្ចាស់ផ្ទះជប៉ុន

មាស សុផាណារ៉ុង May 7, 2021


 

ញូវហ្សឺឡែន៖ គណៈកម្មាធិការជាតិអូឡាំពិកញូវហ្សឺឡែន ឬ The New Zealand Olympic Committee (NZOC) បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ប្រទេសនេះនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Tokyo Olympics ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា​ ឆ្នាំ២០២១ នេះនៅប្រទេសជប៉ុន ទៅតាមការគ្រោងទុក។

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកញូវហ្សឺឡែន លោក Mike Stanley បានថ្លែងថា៖ “យើងមានឆន្ទៈមោះមុតក្នុងការចូលរួមប្រកួតប្រជែង ហើយតាមផែនការអ្វីៗគឺកំពុងតែដំណើរការទៅមុខជាមួយនឹងការបំពេញការងារយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ក៏ដូចជាគណៈកម្មាការរៀបចំរបស់ជប៉ុន ដែលប្តេជ្ញាថាអ្វីៗនឹងប្រព្រឹត្តទៅដោយសុវត្ថិភាពនិងជោគជ័យ។”

លោកបានបន្ថែមថា៖ “យើងមានទំនុកចិត្តខ្ពស់ចំពោះម្ចាស់ផ្ទះជប៉ុនដែលមានការសហការពីអង្គការសុខភាពពិភពលោកផង ហើយកំពុងតែធ្វើរង្វាយតម្លៃទៅលើប្រព័ន្ធការពារសុខុមាលភាពយ៉ាងហ្មត់ចត់  ហេតុនេះយើងមិនអាចឱ្យអត្តពលិកដែលបានចំណាយពេលហ្វឹកហាត់កន្លងមកត្រូវខាតបង់ដោយទទេរនោះទេ។”

បើតាមអតីតកីឡាករតំណាងឱ្យប្រទេសញូវហ្សឺឡែន ក្នុងព្រឹត្តិការណ៍ (1984 Los Angeles Olympics) រូបនេះបានឱ្យដឹងថា NZOC ក៏បានចាត់ចែងសម្រួលក៏ដូចជាផ្តល់នូវវិធានការគាំពារដល់អត្តពលិករបស់ខ្លួនទាំងជាង​ ២០០នាក់បានយ៉ាងប្រសើរដោយហេតុថា​ ពួកគេសុទ្ធតែបានទទួលសិទ្ធិអាទិភាពលើការចាក់វ៉ាក់សាំងកូវីដ១៩ ព្រមទាំងការគាំទ្រពេញទំហឹងពីរដ្ឋាភិបាលញូវហ្សឺឡែនទៅលើបញ្ហាសន្តិសុខ រួមទាំងដំបូន្មាន និងការត្រួតពិនិត្យសុខភាពយ៉ាងដិតដល់ក៏ដូចជាការរៀបចំតេស្តដើម្បីយកសំណាក និងចត្តាឡីស័កជាដើមមុនពេលធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ៕

 

ប្រភព៖ Reuters

មតិយោបល់