Hazard សូមអភ័យទោសពីអ្នកគាំទ្រ Real Madrid រឿងអបអរជាមួយក្រុម Chelsea

មាស សុផាណារ៉ុង May 7, 2021


 

អេស្ប៉ាញ៖ កីឡាករ Eden Hazard បានផ្ញើរសារសូមអភ័យទោសពីអ្នកគាំទ្រ Real Madrid បន្ទាប់ពីរងការរិះគន់មិនសំចៃដោយសារតែរូបគេបានចូលរួមអបអរ និងលេងសើចសប្បាយជាមួយអតីតមិត្តរួមក្រុម Chelsea ក្រោយការប្រកួតកាលពីថ្ងៃពុធសប្តាហ៍មុនដែលបានទម្លាក់ Real Madrid ដោយក្តីឈឺចាប់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Champions League​ ។

កីឡាករប៊ែលហ្សិករូបនេះ​បានបង្ហាញការសើចសប្បាយជាមួយសមាជិកក្រុមតោខៀវ Kurt Zouma និងអ្នកចាំទី Edouard Mendy ខណៈដែលរូបគេមិនអាចជួយជាដុំកំភួនដល់គ្រូបង្វឹក Zinedine Zidane ដើម្បីតតាំងជាមួយអតីតក្រុមរបស់ខ្លួនដោយប្រសិទ្ធភាពនោះទេ។ សកម្មភាពនេះ ត្រូវបានយកទៅចុះផ្សាយព្រោងព្រាតលើបណ្តាញសារព័ត៌មានក្នុងប្រទេសអាស្ប៉ាញ និងបន្តវាយលុយពេលបណ្តាញសង្គមជាមួយនឹងការខឹងសម្បារ ការរិះគន់ ក៏ដូចជាការសើចចំអកយ៉ាងចាស់ដៃពិសេសពិសំណាក់អ្នកគាំទ្រក្រុមអធិរាជសេះសតែម្តង។​

យ៉ាងណាក៏ដោយ Eden Hazard ដែលបានជាប់ឈ្មោះជាកីឡាករដែលមានតម្លៃថ្លៃបំផុតម្នាក់ក្នុងពិភពលោកក្នុងពេលផ្ទេរមកទឹកដីអេស្ប៉ាញនោះ បានសរសេរសូមទោសថា៖ “ខ្ញុំតែងតែមានសុបិនចង់មកលេងនៅ Real Madrid ជាមួយនឹងជ័យជម្នះ នាពេលនេះរដូវកាលមិនទាន់បញ្ចប់ទេ ដូចនេះយើងទាំងអស់គ្នាត្រូវតែប្រយុទ្ធដើម្បី La Liga! Hala Madrid!”។

ក៏ប៉ុន្តែអនាគតនៅ Estadio Alfredo Di Stefano របស់កីឡាករដែលត្រៀមចូលវ័យ ៣០ឆ្នាំនេះ​ហាក់មិនទាន់ប្រកដប្រជានៅឡើយដោយហេតុថា មកទល់ពេលនេះការចចារផ្លូវការណាមួយគ្រូបង្វឹក Zinedine Zidane និងប្រធានក្លឹបលោក Perez មិនទាន់ចេញជាផ្លែផ្កានោះទេ ខណៈដែលគេមើលឃើញថាជាមួយទម្រង់លេងមិនសូវល្អរបស់ខ្លួន Eden Hazard ទំនងជាមិនមាន៌កាសបន្តរួមរស់នៅ Real Madrid ទៀតឡើយ៕

មតិយោបល់