Champions League: គ្រូ Chelsea លើកទឹកចិត្តកូនក្រុមឱ្យខំប្រឹងក្នុងនាមជាក្រុមកំពូលមួយនៅអឺរ៉ុប

មាស សុផាណារ៉ុង May 5, 2021


 

អង់គ្លេស៖ ឆ្លងកាត់លទ្ធផលស្មើគ្នាកាលពីជើងទី១ រួចមក គ្រូបង្វឹកក្រុម Chelsea លោក Thomas Tuchel យល់ឃើញថា ក្រុមរបស់លោកមានសមត្ថភាពគ្រប់គ្រាន់ក្នុងនាមជាក្រុមកំពូលមួយនៅទ្វីបអឺរ៉ុបតទល់នឹងក្រុម Real Madrid ដែលជាជើងឯក ១៣សម័យកាលនៃពាន UEFA Champions League នោះ។​

លោកបានលើកឡើងថា៖ “មេរៀនសំខាន់បំផុតគឺយើងត្រូវតែទុកចិត្តខ្លួនឯងហើយសម្រាប់ជើងទី២ នេះ វាជាការកាត់សេចក្តីចុងក្រោយ ហេតុនេះទំនុកចិត្ត​គឺពិតជាសំខាន់បំផុត។”

ចំពោះលោកផ្ទាល់ កត្តាប្រឈមបំផុតគឺការបំភ្លេចនូវអ្វីដែលបានកើតឡើងកាលពីជើងទី១ដោយលោកយល់ថា គ្មានអ្វីដែលពិបាកជាងការដែលក្រុមមួយត្រូវប្រកួត ២លើក ប៉ុន្តែក្រោយបញ្ចប់ការប្រកួតទី១ ហើយបែរជាត្រូវមកប្រកួតលើកទី២ ជាមួយនឹងការរាប់លទ្ធផលពីសូន្យឡើងវិញ ដូចនេះក្រុមទាំងមូលត្រូវធ្វើការធ្ងន់ដើម្បីធានាថាខ្លួនអាចឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះបាន។ “ខ្ញុំមិនមានវិធីណារៀបចំក្រុមឱ្យបានល្អជាងការលើកទឹកចិត្តពួកគេនិងឱ្យពួកគេខិតខំដើម្បីឈ្នះនោះទេ។” លោកបានបន្ថែមបែបនេះ។

ចំពោះមុខនៃការអវត្តមានកីឡាកររបស់ខ្លួនវិញ​ គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ដ៏នេះបានបញ្ជាក់ថា៖ “យើងអាចនឹងមានការផ្លាស់ប្តូរច្រើនប៉ុន្តែយើងមិនអាចបាត់បង់ជំហរព្រោះតែបញ្ហានេះឡើយ ព្រោះយើងគួរតែមានភាពជឿជាក់លើខ្លួនឯងហើយមិនត្រូវខ្លាចក្នុងការប្រឈមមុខជាមួយបញ្ហាឡើយ”

 

ប្រភព៖ Reuters

មតិយោបល់