ក្លិប២ នៅប្រទេសអូម៉ង់សុំដកខ្លួនចេញពី AFC Cup 2021 ខណៈក្លិប ២ទៀតឆ្លងវគ្គ Playoff ដោយស្វ័យប្រវត្តិ

មាស សុផាណារ៉ុង April 23, 2021


 

ម៉ាឡេសុី៖ ស្ថាប័ន The Asian Football Confederation (AFC) បានចេញសេចក្តីសម្រេចផ្លូវការរបស់ខ្លួនមួយអំពីការទទួលយកសំណើរដកចេញនូវក្លិបបាល់ទាត់​២ របស់ប្រទេសអូម៉ង់ពីការប្រកួត AFC Cup 2021 បន្ទាប់ពីអនុគណៈកម្មការត្រួតពិនិត្យកូវីដ-១៩នៃ AFC Champions League និង AFC Cup 2021 (West) បានពិនិត្យវិនិច្ឆ័យទៅតាមលក្ខខណ្ឌបច្ចេកទេសរួចមក។

បើតាមសហព័ន្ធកីឡាបាល់ទាត់អូម៉ង់ (Oman Football Association ឬ OFA) បានបញ្ជាក់ថា ក្លិប Al Nasr និង Al Seeb អលទ្ធភាពនៃការប្រមូលផ្តុំហ្វឹកហាត់ព្រមទាំងបញ្ហាប្រឈមជាច្រើនទៀតដោយសារតែប្រទេសនេះកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរាតត្បាតនៃវីរុសកូវីដ-១៩ និងដែលតាមគោលការណ៍ករណីដកខ្លួននេះបណ្តាលមកពីប្រធានសក្តិ (Force Majeure) ទាំងស្រុង។

ជាមួយគ្នានេះ AFC ក៏បានសម្រេចមិនដាក់បញ្ចូលបេក្ខភាពដទៃដើម្បីជំនួសក្លិប Al Nasr ឡើយ ដូចនេះ សម្រាប់ពូល A ពេលនេះមាន ៣ក្រុមគឺ Al Hidd Club របស់ប្រទេសបារ៉ែន ក្រុម Al Wahda មកពីប្រទេសសុីរី និងក្រុម Al Ahed FC ដែលជាជើងឯកលីគកំពូលលីបង់រដូវកាល​២០១៩។

ចំពោះ ការប្រកួតវគ្គ Playoff Stage រវាងក្រុម Al Ama’ari Center របស់ប៉ាឡេស្ទីន និងក្រុម Kuwait SC មកពីប្រទេសគុយវ៉ែត ក៏ត្រូវបានលុបចោលដែរ ដោយក្លិបទាំង​ ២នេះនឹងទទួលបានកៅអីនៅពូល C តែម្តងពោលគឺក្លិប Al Ama’ari Center ទទួលបានកៅអី C2 ចំណែក Kuwait SC ស្ថិតនៅ C4។

នេះគឺជាក្រុមដកខ្លួន ដទៃទៀតហើយ ដ្បិតធ្លាប់មានក្រុមពីមីយ៉ាន់ម៉ា ចំនួន២ Shan United និង Hanthawady United ក៏ប្រកាសដកខ្លួនដូចគ្នាពីពានរង្វាន់ AFC Cup 2021 ប៉ុន្តែដោយសារបញ្ហានយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា៕

មតិយោបល់