Spur សម្រេចតែងតាំងបុរសវ័យ ២៩ឆ្នាំ ជំនួសតំណែងលោក Jose Mourinho

មាស សុផាណារ៉ុង April 20, 2021


 

អង់គ្លេស៖ បន្ទាប់ពីបានបណ្តេញចេញអតីតអ្នកចាត់ការទូទៅលោក Jose Mourinho កាលពីម្សិលមិញរួចមក នាថ្ងៃនេះថ្នាក់ដឹកនាំក្លឹប Tottenham បានសម្រេចតែងតាំងអតីតកីឡាករជើងចាស់របស់ខ្លួនគឺលោក Ryan Mason មកបំពេញតួនាទីសំខាន់នេះវិញសម្រាប់ការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ។

ប្រធានក្លឹបមាន់ខ្នាយមាសលោក Daniel Levy បានលើកឡើងថា លោកមានក្តីសង្ឃឹមយ៉ាងមុតមាំលើកីឡាករដែលពោរពេញទៅដោយទេពកោសល្យរបស់ខ្លួនហើយថាពួកគេនឹងធ្វើបានយ៉ាងល្អដោយបញ្ចេញអស់សមត្ថភាពដើម្បីកសាងសមិទ្ធិផលសម្រាប់ការប្រកួតដែលនៅសេសសល់ជាពិសេសជំនួបផ្តាច់ព្រ័ត្រជាមួយក្រុម Manchester City ក្នុងព្រឹត្តិការណ៍ 2021 EFL Cup Final នាថ្ងៃទី២៥ ខែមេសា ខាងមុខនេះ​ក៏ដូចជាប្រកួតផ្សេងទៀតនៃក្របខណ្ឌ Premier League ផងដែរ។

អ្នកចាត់ការថ្មីលោក Ryan Mason នឹងដឹកនាំកូនក្រុមរបស់ខ្លួនជាមួយនឹងសហសេវិកដទៃទៀតដោយមានលោក Chris Powell និង Nigel Gibbs បំពេញតួនាទីជាជំនួការគ្រូបង្វឹក ហើយលោក Michel Vorm ជាគ្រូបង្គោលអ្នកចាំទី ចំណែក Ledley King នឹងបន្តការងារជំនួយការក្រុមឈុតធំ។

សូមបញ្ជាក់ថា លោក Ryan Mason (វ័យ ២៩ឆ្នាំ) បានចូលហ្វឹកហាត់ក្នុងយុវជនរបស់ក្រុម Tottenham តាំងពីអាយុ​ ៨ឆ្នាំរួចបានវិវត្តន៍ខ្លួនក្លាយជាកីឡាករអាជីពនាឆ្នាំ២០០៨​ និងសម្រេចចូលនិវត្តន៍ទាំងវ័យក្មេងដោយសារបញ្ហារបួស។ ១០ឆ្នាំក្រោយមកលោកបានចូលរួមដឹកនាំក្រុមថ្នាលយុវជន Tottenham និងបានក្លាយជាគ្រូបង្វឹកក្រុម U19 ក្នុងការប្រកួត UEFA Youth League 2019 ក្រោយមកជាប្រធានផ្នែកអភិវឌ្ឍន៍ធនធានយុវជន U17 និង U23 នាឆ្នាំ២០២០កន្លងមក៕

មតិយោបល់