បាល់ទាត់អាស៊ានសប្ដាហ៍នេះ លីគវៀតណាម ទាក់ទាញខ្លាំង ខណៈម៉ាឡេស៊ី និងសិង្ហបុរី ប្រកួតជាធម្មតា

មាស សុផាណារ៉ុង April 19, 2021


 

អាស៊ាន៖ ការប្រកួតបាល់ទាត់ក្របខណ្ឌតាមបណ្ដាប្រទេសក្នុងតំប់អាស៊ានសប្ដាហ៍នេះ បានបន្តការប្រកួតជាធម្មតាទៀតហើយ ក្នុងនោះលីគវៀតណាម ទទួលភាពទាក់ទាញខ្លាំង ខណៈម៉ាឡេស៊ី និងសិង្ហបុរី ប្រកួតជាធម្មតា។

វៀតណាម៖

នៅវៀតណាម សប្ដាហ៍នេះបានចូលដល់សប្ដាហ៍ទី១០ នៃលីគកំពូលរបស់គេហើយ ដោយនៅសប្ដាហ៍នេះក្រុមខ្លាំង ២​ត្រូវប៉ះគ្នា​ គឺការប្រកួតរវាងក្រុមកំពុងឡើងជើង និងឈរកំពូលតារាង Hoang Anh Gia Lai ជាមួយក្រុម Hanoi FC ហើយជាលទ្ធផល Hoang Anh Gia Lai បានយកឈ្នះក្នុងលទ្ធផលប្រផិតប្រផើយ ១ទល់០ ប៉ុណ្ណោះ បន្តឈរកំពូលតារាង។

ជាបណ្ដោះអាសន្នផងដែរ Hoang Anh Gia Lai កំពុងឈរកំពូលតារាងនាំមុខក្រុមលេខ២ Viettel ៣ពិន្ទុ។

ម៉ាឡេស៊ី៖

ដោយឡែកលីគកំពូលម៉ាឡេស៊ី សប្ដាហ៍នេះគឺចូលដល់សប្ដាហ៍ទី៩ ហើយក្លិបអ្នកមាន Johor Darul Ta’zim នៅតែបន្តនាំមុខកំពូលតារាងជាមួយការប្រកួតមិនដែលចាញ់។ គួរឲ្យចាប់អារម្មណ៍ផងដែរ Terengganu FC ដែលជាអតីតក្លិបរបស់​ ធារី ចន្ថាប៊ីន កំពុងឈរនៅលេខ២ ផងដែរ។

សិង្ហបុរី៖

លីគកំពូលសិង្ហបុរី វិញ សប្ដាហ៍នេះបានចូលដល់សប្ដាហ៍ទី៧ ខណៈ Albirex Niigata (S) បន្តជ័យជម្នះរបស់ខ្លួន ដូចគ្នាផងដែរគូប្រជែងក្រុមលេខ២ Lion City Sailor ក៏បន្តឈ្នះដូចគ្នា។

Albirex Niigata (S) នៅតែបន្តកាន់កាប់កំពូលតារាង ក្រោយបន្តឈ្នះក្នុងសប្ដាហ៍នេះ ខាងក្រោមគឺជាតារាងពិន្ទុទាំងស្រុង៖

សម្រាប់លីគកំពូលឡាវ សប្ដាហ៍នេះវិញមិនមានការប្រកួតឡើយ ដោយសារកីឡាករត្រូវបានអនុញ្ញាតិឲ្យសម្រាកក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីឡាវ។

សូមបញ្ជាក់ជាថ្មី ចំពោះលីគកំពូល មីយ៉ាន់ម៉ា នៅមិនទាន់ចាប់ផ្ដើមនៅឡើយទេដោយសារបញ្ហានយោបាយក្នុងប្រទេសនេះ ខណៈលីគកំពូលហ្វីលីពីន និងឥណ្ឌូនេស៊ី គ្រោងចាប់ផ្ដើមនៅអំឡុងពាក់កណ្ដាលឆ្នាំ២០២១ ដូចគ្នា ពោលគឺ លីគកំពូលហ្វីលីពីន ​ចាប់ផ្ដើមនៅថ្ងៃទី១៧ ខែកក្កដា ខណៈលីគកំពូលឥណ្ឌូនេស៊ី គ្រោងចាប់ផ្ដើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បញ្ចប់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្របពេលដែលលីគកំពូលថៃ គ្រោងចាប់ផ្ដើមរដូវកាលថ្មី ២០២១-២០២២ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ហើយបញ្ចប់នោថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

ចំពោះលីគកំពូលទីម័រខាងកើត ក៏ដូចជាលីគកំពូលព្រុយណេ វិញ មិនទាន់ព័ត៌មានច្បាស់ការបញ្ជក់នៅឡើយទេ៕

មតិយោបល់