នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ជំហររៀបចំព្រឹត្តិការណ៍អូឡាំពិករដូវក្តៅក្នុងខែកក្កដា តាមការគ្រោងទុក

មាស សុផាណារ៉ុង April 18, 2021


 

ជប៉ុន៖ លោក Yoshihide Suga នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានបព្ជាក់ជាថ្មីអំពីជំហររបស់លោកក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតអូឡាំពិករដូវក្តៅ ឬ The 2020 Summer Olympics នៅក្នុងខែកក្កដា ខាងមុខទៅតាមការគ្រោងទុកដោយមិនមានសញ្ញាណាមួយបង្ហាញពីការលើកពេលបន្តទៀតឡើយបើទោះបីជាវិបត្តិនៃការរីករាលដាលវីរុសកូវីដ-១៩ មិនទាន់ផុតរលត់ក៏ដោយចុះ។

មេដឹកនាំជប៉ុនរូបនេះបានថ្លែងទៅកាន់សមភាគីរបស់លោកក្នងដំណើរទស្សនកិច្ចផ្លូវការទៅកាន់សហរដ្ឋអាម៉រិកនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ថា លោកបានតាំងចិត្ត និងកំណត់ទុកហើយថាព្រឹត្តិការណ៍ Tokyo Olympic និង Paralympic (ការប្រកួតកីឡាអូឡាំពិកជនពិការ) គឺជានិមិត្តរូបនៃ “សាមគ្គីភាពជាសកល” ហើយវាត្រូវតែប្រារព្ធឡើងទៅតាមការរៀបចំ ខណៈដែលលោកប្រធានាធិបតីសហរដ្ឋអាម៉េរិគ Joe Biden ក៏បានបង្ហាញនូវការគាំទ្រចំពោះជំហរនេះដែរ។

សូមបញ្ជាក់ថា ការប្រកួត The 2020 Summer Olympics គ្រោងរៀបចំឡើងតាំងពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ប៉ុន្តែត្រូវបានសម្រេចលើកពេលវិញនាអំឡុងខែមីនាឆ្នាំ២០២០ ដដែលនោះ ដោយសារតែការរាតត្បាតនៃវីរុសកូវីដ-១៩ កើតមានឡើងយ៉ាងគំហុក ដូច្នេះ​រាជរដ្ឋាភិបាលជប៉ុនបានប្តូរមកប្រារព្ធធ្វើនាថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នេះវិញ៕

មតិយោបល់