កម្ពុជា និងប្រទេសអាស៊ាន ៧ផ្សេងទៀត ជំទាស់សំណើរពន្យារពេលស៊ីហ្គេម របស់វៀតណាម

មាស សុផាណារ៉ុង June 11, 2021


 

អាស៊ាន៖ ក្រោយការប្រជុំពិសេសរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាអាសុីអាគ្នេយ៍ ឬ the Southeast Asian Games Federation បានបញ្ចប់នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញឱ្យឃើញថា មានប្រទេសជាសមាជិកស្ទើរតែទាំងអស់បានជំទាស់នឹងសំណើរបស់ប្រទេសវៀតណាម ដែលបានស្នើសុំពន្យារពេលការប្រកួតសុីហ្គេម លើកទី៣១ នាឆ្នាំ២០២១ នេះ។

បើយោងតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងក្រោយកិច្ចប្រជុំថា ប្រទេសជាសមាជិកបានលើកឡើងនូវការជំទាស់ ក៏ដូចជាផលវិបាករៀងៗខ្លួនចំពោះការលើកពេលនេះ ជាពិសេសពាក់ព័ន្ធទៅនឹងកាលវិភាគប្រកួតកីឡាធំៗជាច្រើននាឆ្នាំក្រោយ ព្រមទាំងកញ្ចប់ថវិកាក្នុងការចំណាយផងដែរដ្បិតថា ប្រទេសនីមួយៗបានត្រៀមសម្រាប់ឆ្នាំនីមួយៗរួចរាល់ហើយ ហេតុនេះប្រសិនបើមានការលើកពេលវានឹងប៉ះពាល់ដល់ថវិកាចំណាយសម្រាប់ការប្រកួតផ្សេងទៀតនាឆ្នាំ២០២២ ខាងមុខ។

ឯកឧត្តមក៏បានបន្ថែមថា ជាការឆ្លើយតបភាគីវៀតណាម បានលើកឡើងនូវសេណារីយ៉ូ ៣ជូនអង្គប្រជុំដែលនឹងត្រូវឆ្លងការសម្រេចរបស់រដ្ឋាភិបាលវៀតណាម ក៏ដូចជាក្រុមប្រឹក្សាកីឡាអាសុីអាគ្នេយ៍ផងដែរ រួមមានទី១ វៀតណាមនឹងបន្តរៀបចំតាមការគ្រោងទុក ទី២ ការប្រកួតនឹងលើកដល់ ខែឧសភា ឬមិថុនា ឬកក្កដា ឆ្នាំ២០២០ និងទី៣ គឺជាការពន្យាររយៈពេលវែងពោលគឺអាចនៅឆ្នាំ២០២៥ ឬឆ្នាំណាមួយបន្ទាប់ពីកម្ពុជាតែម្តង ដែលសេណារីយ៉ូទាំង៣ នេះនឹងត្រូវឆ្លងការការសម្រេចជាបន្តបន្ទាប់ទៀតទាំងកម្រិតបច្ចេកទេសនិងនយោបាយ។

យោងតាមសារព័ត៌មានចិន xinhua ប្រទេសដែលជំទាស់នោះរួមមាន ឥណ្ឌូនេស៊ី, ព្រុយណេ, កម្ពុជា, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ និងទីម័រខាងកើត ខណៈ ឡាវ សម្ដែងអនុបវាទ លើកលែងតែមីយ៉ាន់ម៉ា ប៉ុណ្ណោះ ដែលយល់ព្រមលើកពេលតាមម្ចាស់ផ្ទះវៀតណាម។

សូមបញ្ជាក់ថា តាមការគ្រោងទុក ព្រឹត្តិការណ៍សុីហ្គេមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែម្ចាស់ផ្ទះវៀតណាមបានស្នើឱ្យលើកពេលសិនព្រោះតែកំណើននៃការឆ្លងវីរុសកូវីដ១៩នៅក្នុងប្រទេសរបស់ខ្លួនដែលអាចនាំឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកចូលរួម។ ក្នុងរយៈកាលចុងក្រោយនេះប្រទេសវៀតណាមមានសន្ទុះការឆ្លងវីរុសកូវីដ១៩កើនឡើងខ្លាំងដោយមានចំនួនជាង ៩០០០ករណី ក្នុុងនោះមានស្លាប់ ៥៥នាក់ និងមានចំនួនឆ្លងប្រចាំថ្ងៃហក់ឡើងដល់ខ្ទង់២០០នាក់កាលពីសប្តាហ៍មុុន ខណៈដែលអត្រាអ្នកបានចាក់វ៉ាក់សាំងមានត្រឹមតែ ០.០៤% ប៉ុណ្ណោះក្នុងចំណោមប្រជាជនសរុប៕

 

ប្រភព៖ CNA និង CAMSOC

មតិយោបល់