ដៃគូឧបត្ថម្ភព្រឹត្តិការណ៍ Tokyo Olympic កំពុងព្រួយបារម្ភខណៈកញ្ចប់ថវិកាកើនដល់ជាង ៣ពាន់លានដុល្លារ

មាស សុផាណារ៉ុង June 4, 2021


 

ជប៉ុន៖ ជាធម្មតាព្រឹត្តិការណ៍ប្រកួតកីឡាធំៗដូចជា Tokyo Olympics 2020 ជាដើម គឺជាកម្មវិធីដែលគេរំពឹងថានឹងទទួលបានលទ្ធផលធំធេងក្នុងការផ្សព្វផ្សាយផលិតផល ក៏ដូចជាការប្រមូលប្រាក់ចំណេញ ក៏ប៉ុន្តែខណៈពេលដែលការរាតត្បាតនៃវីរុសកូវីដ-១៩ កំពុងតែវាយលុកបែបនេះបានបង្កឱ្យបណ្តាក្រុមហ៊ុនជប៉ុនជាច្រើនមានការអំពល់ចិត្តយ៉ាងខ្លាំង។ ចំពោះដៃគូសហការត្រូវបានបែងចែកជា ៤ប្រភេទគឺទី១ ជាដៃគូសកលដែលឧបត្ថម្ភរយៈពេលយូរ និង ៣ប្រភេទទៀត គឺសំដៅលើដៃគូឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍មួយលើកៗតែប៉ុណ្ណោះ។

សូមជម្រាបថា មានក្រុមហ៊ុនតូចធំរបស់ជប៉ុនជាង ៦០បានរួមដៃគ្នាសហការឧបត្ថម្ភព្រឹត្តិការណ៍ Tokyo Olympic ជាមួយនឹងកញ្ចប់ថវិកាប្រមាណជា ៣.៣ពាន់លានដុល្លារអាម៉េរិក ក្នុងចំណោមនោះមានដូចជាក្រុមហ៊ុន Toyota, Bridgestone និង Panasonic ជាដើម។ ទោះបីជាបានពន្យារពេលប្រកួតអស់ ១ឆ្នាំមកហើយដោយរំពឹងថាស្ថានភាពនឹងបានធូរស្រាលជាងមុនក្តី ប៉ុន្តែការវាយប្រហារនៃរលកទី៤ ពេលនេះបាននាំតែក្តីកង្វល់ និងការព្រួយបារម្ភតែប៉ុណ្ណោះព្រោះថាអត្ថប្រយោជន៍នៃការចំណាយមិនអាចទទួលបានលទ្ធផលតាមការគ្រោងទុកនោះទេ ជាក់ស្តែងសេវាកម្មបដិសណ្ឋារកិច្ចនានានឹងត្រូវលុបចោលប្រសិនបើការប្រកួតធ្វើឡើងដោយបិទទ្វារ ដូចនេះ​គ្មានទេការផ្សព្វផ្សាយពាក់ព័ន្ធនឹងចំណីអាហារ ភេសជ្ជៈ ទីស្នាក់នៅ ឬមធ្យោបាយធ្វើដំណើរជាដើម។

ជាតឹកតាង ក្រុមហ៊ុនស្រាបៀរ Asahi ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការលក់ស្រាបៀរ ស្រាក្រហម នៅតាមបណ្តាកីឡដ្ឋាន កំពុងតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដោយសារតែទស្សនិកជនអន្តរជាតិមិនត្រូវបានអនុញ្ញាតឱ្យចូលរួមទស្សនានោះទេ ចំណែកឯទស្សនិកជនក្នុងស្រុកក៏ស្ថិតនៅក្នុងការពិចារណានៅឡើយស្របពេលដែលទីក្រុងតូក្យូ ក៏ដាក់នៅក្នុងភាពអាសន្នផងដែរនោះ។

ចំពោះក្រុមហ៊ុន Toyota Motor Corp ដែលជាដៃគូឧបត្ថម្ភជាសកល បានចាត់ទុកថានេះជាកាលានុវត្តភាពក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួន ជាមួយនឹងបច្ចេកវិទ្យាថ្មីបំផុតដោយផ្តល់នូវយានយន្ត ៣៧០០គ្រឿងដើម្បីប្រើប្រាស់សម្រាប់ក្រុមអត្តពលិក និងគណៈប្រតិភូមកពីជុំវិញពិភពលោក។

យ៉ាងណាក៏ដោយ ព្រោះតែការប្រកួតមានការរឹតត្បឹត ក្រុមហ៊ុនផលិតរថយន្តដ៏ធំនេះក៏ត្រូវបង្រួមសកម្មភាពឱ្យតូចជាងមុុន និងត្រូវផ្លាស់ប្តូរខ្លះដែរទៅតាមការតម្រូវរបស់បរិបទដែលកំពុងកើតមាន។

ជារួម ក្នុងស្ថានការណ៍នៃការរាតត្បាតរបស់វីរុសកូវីដ-១៩ នេះ គ្រប់ភាគីសុទ្ធតែរងផលវិបាកដូចគ្នាហើយបើតាមគណៈកម្មាធិការរៀបចំ Tokyo Olympic គេសង្ឃឹមថានឹងអាចស្វែងរកដំណោះស្រាយដ៏ល្អប្រសើរដើម្បីជាច្រកចេញក្នុងការរក្សាអត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក៕

 

ប្រភព៖ AFP

មតិយោបល់