វេជ្ជបណ្ឌិត សុក សារឿន ឡើងជាប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា និងដូពីង បន្ទាប់ពីលោក ស្ដើង ជា មរណភាពដោយកូវីដ-១៩

មាស សុផាណារ៉ុង June 3, 2021


 

ភ្នំពេញ៖ កាលរសៀលម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានប្រកាសតែងតាំងប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា និងដូពីង អមគណៈកម្មាធិការជាតិ CAMSOC គឺលោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ជំនួសលោកវេជ្ជបណ្ឌិត ស្តើង ជា ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា៖ លោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ធ្លាប់មានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងការងារវេជ្ជសាស្ត្រកីឡានេះ ហើយពេលនេះ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានប្រកាសតែងតាំង ដើម្បីឲ្យសមាជិកនៃគណៈកម្មការជំនាញអមមួយនេះបានស្គាល់គ្នា ចាប់ដៃគ្នាធ្វើកិច្ចការវេជ្ជសាស្ត្រកីឡាបន្តពីលោកវេជ្ជបណ្ឌិត ស្តើង ជា ដែលបានធ្វើកន្លងមក។

ឯកឧត្តមបន្តថា ក្រោយពីការប្រកាសតែងតាំងជាផ្លូវការនេះ លោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ក៏នឹងទៅក្លាយជាសមាជិកពេញសិទ្ធិរបស់គណៈកម្មការវេជ្ជសាស្ត្រនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ផងដែរ ហើយពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លោកក៏នឹងក្លាយជាប្រធានគណៈកម្មការវេជ្ជសាស្រ្តស៊ីហ្គេម តាមលំនាំនៃបណ្តាប្រទេសនានា ដែលធ្វើម្ចាស់ផ្ទះដូចគ្នា។ ជាមួយគ្នានោះ ប្រធានវេជ្ជសាស្ត្រថ្មីរូបនេះក៏ត្រៀមខ្លួន ក្នុងការរៀបចំកីឡាករ កីឡាការិនី និងការចូលរួមប្រជុំជាមួយម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម នាចុងឆ្នាំ២០២១នេះ ដើម្បីដកស្រង់បទពិសោធន៍លើកិច្ចការវេជ្ជសាស្ត្រកីឡា និងសារធាតុដូពីងត្រឡប់មករៀបចំសម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជាផងដែរ។

គួបញ្ជាក់ផងដែរថា៖ គណៈកម្មការវេជ្ជសាស្ត្រ និងដូពីង នឹងចាប់ផ្ដើមបន្តជួយដល់ការថែរក្សាសុខមាលភាព ជួយដល់វិធានការបង្ការជំងឺកូវីដ-១៩ ដល់កីឡាករ-កីឡាការិនី ព្រមទាំងសហការជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ក្នុងការថែទាំសុខភាពក្រុមអត្តពលិក ក្នុងការហ្វឹកហាត់ និងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេសទៀតផង៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់