CAMSOC ត្រៀមប្រតិភូជាន់ខ្ពស់សម្រាប់ពិធីប្រគល់ទង់ស៊ីហ្គេម ពីម្ចាស់ផ្ទះវៀតណាមនៅចុងឆ្នាំនេះ មក ស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣

មាស សុផាណារ៉ុង June 3, 2021


 

ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន បានបន្តពិភាក្សាលម្អិតបន្ថែមជាមួយគណៈកម្មការជំនាញរបស់ខ្លួន និងសហព័ន្ធកីឡាជាតិនានា ស្តីពីការត្រៀមលក្ខណៈចូលរួមប្រកួត ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម និងត្រៀមរៀបចំប្រតិភូជាន់ខ្ពស់ សម្តែងការស្វាគមន៍ ការទទួលសិទ្ធិ និងការទទួលទង់ស៊ីហ្គេម ពីម្ចាស់ផ្ទះវៀតណាម បន្តមកម្ចាស់ផ្ទះស៊ីហ្គេមកម្ពុជា ឆ្នាំ២០២៣។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ កាលពីព្រឹកថ្ងៃអង្គារ កន្លងទៅថ្មីៗនេះ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និង NOCC បានមានឱ្យដឹងថា កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួនពីរ គឺ ១-ការរៀបចំផែនការលើផ្នែកបច្ចេកទេស កីឡាករ-កីឡាការិនី ប្រតិភូកីឡា ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម ចុងឆ្នាំនេះ និងទី២-ការត្រៀមប្រតិភូជាន់ខ្ពស់ជាមួយក្រុមសិល្បៈសម្តែងស្វាគមន៍ប្រតិភូស៊ីហ្គេម ឆ្ពោះមក ស៊ីហ្គេម នៅកម្ពុជា លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាពិធីផ្ទេរតំណែង-ពិធីប្រគល់ទង់ស៊ីហ្គេម ពីម្ចាស់ផ្ទះវៀតណាម មកស៊ីហ្គេម នៅកម្ពុជា (នៅក្នុងពិធីបិទការប្រកួត ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១)។

ទន្ទឹមគ្នានោះ CAMSOC ក៏រៀបចំផែនការលម្អិត ស្តីពីក្រុមការងារនៃគណៈកម្មការជំនាញរបស់ខ្លួន ទៅសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ដោយផ្ទាល់ ដើម្បីយកមករៀបចំស៊ីហ្គេម ឆ្នាំ២០២៣។ ក្នុងពេលនោះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ ចាប់ពីអគ្គលេខាធិការរងឡើងទៅ ដែលទទួលផ្នែកបច្ចេកទេស នឹងចូលរួមសិក្សាលើការគ្រប់គ្រងដឹកនាំ នៃប្រភេទកីឡារបស់ខ្លួន ក្នុងពេលប្រកួតស៊ីហ្គេម ខាងមុខនេះ ពីព្រោះថា សហព័ន្ធកីឡាជាតិជាអ្នកគ្រប់គ្រងនៅក្នុងវេទិកាប្រកួត ឬទីលានប្រកួតផ្ទាល់ ហើយសហព័ន្ធកីឡាជាតិនានារបស់កម្ពុជា ក៏នឹងត្រូវធ្វើទំនាក់ទំនងឱ្យហើយជាមួយសហព័ន្ធកីឡាអន្តរជាតិនានា តាមប្រភេទកីឡាជំនាញរបស់ខ្លួន ឆ្ពោះមកស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ក្នុងពេលជាមួយគ្នានេះដែរ គឺ CAMSOC ក៏បានជម្រាបជូនពីកម្មវិធីនៅក្នុងពីធីបិទការប្រកួតជាផ្លូវការ ដែលកម្ពុជានឹងទទួលទង់ស៊ីហ្គេម ព្រមជាមួយនឹងការទទួលការស្វាគមន៍ តាមរយៈការសម្តែងផែនទស្សនីយភាពសិល្បៈរួមមួយ ក្នុងរយៈពេល១០នាទី ដែលបង្ហាញពីភាពទាក់ទាញនៃសក្តានុពលសិល្បៈ-វប្បធម៌ សេដ្ឋកិច្ច ទេសចរណ៍ និងសក្តានុពលវិស័យកីឡារបស់កម្ពុជា នៅក្នុងពិធីបិទការប្រកួតនោះ។

“នៅក្នុងការសម្តែងនោះ កម្ពុជានឹងបង្ហាញពីភាពលេចធ្លោ ភាពអស្ចារ្យ នៃអរិយធម៌ខ្មែរ សេដ្ឋកិច្ច សង្គម ភាពជឿនលឿន រាជធានី សន្តិភាពនៃប្រទេសរបស់យើង ក៏នឹងត្រូវបញ្ចូលនៅក្នុងពិធីសម្តែងជាផ្លូវការនោះ ដែលជាសញ្ញាណបើកការស្វាគមន៍យ៉ាងកក់ក្តៅឆ្ពោះមកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ដើម្បីឱ្យបណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ ផ្តល់ការគាំទ្រធ្វើឱ្យដំណើរ ការទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម របស់ព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងផងដែរ”

 

អត្ថបទ៖ រីយ៉ា

មតិយោបល់