ប្រធានាធិបតីបារាំង នឹងចូលរួមពិធីបើក Tokyo Olympics ខណៈបណ្តាមេដឹកនាំដទៃទៀតបន្តស្ងប់ស្ងាត់

មាស សុផាណារ៉ុង May 24, 2021


 

បារាំង៖ លោកប្រធានាធិបតីនៃប្រទេសបារាំង Emmanuel Macron មានគម្រោងរួចជាស្រេចហើយថានឹងអញ្ជើញចូលរួមក្នុងក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ Tokyo 2020 Olympic Games នេះបើតាមការឱ្យដឹងរបស់លោកស្រី Roxana Maracineanu រដ្ឋមន្ត្រីក្រសួងកីឡាបារាំង។

តាមរយៈការប្រកាសនេះបានបង្ហាញថា លោក Emmanuel Macron គឺជាមេដឹកមុនគេនៃបណ្តាប្រទេស G7 ដែលបញ្ជាក់ពីវត្តមានរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំដែលនឹងរៀបចំឡើងកណ្តាលព្យុះភ្លៀងនៃវីរុសកូវីដ១៩នេះ ខណៈដែលបណ្តាមេដឹកនាំនៃប្រទេសដទៃទៀតបន្តនៅស្ងប់ស្ងាត់នៅឡើយ ស្របពេលដែល សាធារណរដ្ឋបារាំង ក៏នឹងក្លាយជាម្ចាស់ផ្ទះនៃការប្រកួតអូឡាំពិកឆ្នាំ២០២៤ ផងដែរនោះ។

ការប្រកាសនេះទំនឹងជានឺងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ឬ the International Olympic Committee (IOC) ព្រមទាំងគណៈកម្មាធិការរៀបចំ Tokyo 2020 Olympic ក្នុងពេលដែលរាជរដ្ឋាភិបាលជប៉ុនកំពុងតែទទួលរងការរិះគន់ជុំវិញភាពយឺតយ៉ាវលើដំណើរការចាក់វ៉ាក់សាំង និងការព្រួយបារម្ភលើប្រព័ន្ធសុខភាពសាធារណៈ។

លោកស្រី Roxana Maracineanu បានបញ្ជាក់ថា លោកស្រីផ្ទាល់ព្រមទាំងរដ្ឋមន្ត្រីក្រសួងអប់រំ លោក Jean-Michel Blanquer នឹងអមដំណើរលោកប្រធានាធិបតីក្នុងដំណើរចូលរួមនេះដើម្បីទទួលភ្លើងគប់ជាតំណាងការធ្វើម្ចាស់ផ្ទះ 2024 Paris Olympics ជាបន្តទៀត។

យ៉ាងណាក៏ដោយ មកទល់ពេលនេះ ទីក្រុងតូក្យូ ជាទីប្រារព្ធពិធីកំពុងស្ថិតនៅក្នុងការប្រកាសអាសន្ននៅឡើយទេ ចំណែកការចាក់វ៉ាក់សាំងដល់ក្រុមគ្រូពេទ្យ និងមន្ត្រីនានាហាក់ដំណើរការទៅដោយសន្សឹមៗដោយមានប្រជាជនជប៉ុនតែ​ ៤% ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងដែលជាអត្រាដ៏តិចបំផុតក្នុងចំណោមប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗទាំង ៧៕

 

ប្រភព៖ Reuters

មតិយោបល់