CAMSOC ប្រជុំអនឡាញកំណត់ទីលានប្រកួត ២ប្រភេទកីឡាចុងក្រោយ

មាស សុផាណារ៉ុង May 21, 2021


 

ភ្នំពេញ៖ កិច្ចប្រជុំអនឡាញគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំកាប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានផ្តោតសំខាន់ពីការកំណត់លើទីលានប្រកួត ដែលនៅសេសសល់ គឺមាន ២ប្រភេទកីឡា គឺទីលានប្រកួតកីឡាបាញ់កាំភ្លើង និងទូកកានូ-កាយ៉ាក់។ នេះបើយោងតាមការចេញផ្សាយដោយទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិ CAMSOC Cambodia SEA GAMES 2023

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារនៃកិច្ចប្រជុំប្រចាំសប្តាហ៍នេះថា ការរាយការណ៍បន្ថែមទៅលើទីលានប្រកួត ដែលនៅសេសសល់កាលពីសប្តាហ៍មុន ដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានចង្អុលបង្ហាញឲ្យឯកឧត្តម វ៉ាត់ ចំរើន រៀបចំការកំណត់ទីលានប្រកួតនៃប្រភេទកីឡាបាញ់កាំភ្លើង និងប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ-កាយ៉ាក់។

ក្រោយពិភាក្សាជាមួយសហព័ន្ធកីឡាជាតិទាំងពីរនេះរួចមក សហព័ន្ធទាំងពីរនេះបានឯកភាពការកំណត់ទីលានប្រកួត ដោយទូកកានូ-កាយ៉ាក់ ធ្វើនៅមជ្ឈមណ្ឌលកីឡាលើទឹករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅខេត្តកំពត។ រីឯទីតាំងបាញ់កាំភ្លើង ធ្វើនៅខេត្តព្រះសីហនុ ដែលសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ដែលកំពុងធ្វើកិច្ចការនេះយ៉ាងស្វាហាប់ក្នុងការរៀបចំទីលានប្រកួតនេះជាមួយនឹងវិស័យឯកជន។ នេះគឺការកំណត់លើ ២ប្រភេទកីឡាបន្ថែមទៀត នៃការកំណត់ទីតាំងប្រកួតលើគ្រប់ប្រភេទកីឡាទាំងអស់ ដើម្បីរៀបចំឲ្យបានរួចរាល់ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ក្រោយបញ្ចប់ការកំណត់នៅក្នុងគណៈអចិន្ត្រៃយ៍ នឹងស្នើជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីសម្រេចជាផ្លូវការ នាពេលខាងមុខ។

ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ជូនទៀតថា ក្រៅពីការកំណត់ទីលានប្រកួតនេះ កិច្ចប្រជុំបានពិភាក្សាលើការត្រៀមខ្លួន ការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ (ក្រោយស៊ីហ្គេមប្រមាណ ២សប្តាហ៍) ដោយឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានធ្វើរបាយការណ៍ផែនការយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាផែនការអភិវឌ្ឍវិស័យកីឡាជនពិការ។ ជាមួយគ្នានោះ ឯឧត្តមក៏បានលើកឡើងនូវការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិពិការ ក្នុងការត្រៀមខ្លួនឲ្យបានហ្មត់ចត់ដូចជាកីឡាមិនពិការដែរ។

នៅក្នុងកិច្ចប្រជុំចុងក្រោយ ការពិភាក្សាលើគណៈកម្មការជំនាញស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ក៏បានបង្ហាញនូវផែនការសកម្មភាពរបស់ខ្លួនផងដែរ ដោយក្នុងនោះត្រូវបានថ្នាក់ដឹកនាំស្នើឲ្យពន្លឿនលើការសាងសង់ភូមិកីឡា ដែលស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ឯកឧត្តម សុង តុងហាប់ ប្រធានគណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូននៃ CAMSOC បានលើកពីការជំរុញផែនការសាងសង់ភូមិកីឡានេះ ដោយក្រុមហ៊ុនសាងសង់បានធានាពីការសាងសង់ភូមិកីឡា ឲ្យបានបញ្ចប់រួចរាល់នាដំណាច់ឆ្នាំ២០២២ ដើម្បីផ្តល់ជូន CAMSOC ក្នុងការបម្រើដល់ផែនការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន របស់កីឡាករកីឡាការិនី គ្រូបង្វឹក មន្ត្រីកីឡា (អាចផ្ទុកបានចន្លោះ៧ពាន់នាក់ទៅ១ម៉ឺននាក់)។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានជំរុញឲ្យគណៈកម្មការជំនាញមួយនេះ សហការជាមួយគណៈកម្មការជំនាញពាក់ព័ន្ធដទៃៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យមានភាពបន្ស៊ីគ្នាគ្រប់គណៈកម្មការជំនាញទាំងអស់ ក្នុងការត្រៀមខ្លួនឲ្យបានរួចរាល់ និងដំណើរការដោយរលូន ដើម្បីធ្វើឲ្យដំណើរការនៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាក្រកម្ពុជាឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រផងដែរ៕

 

ដកស្រង់ និងកែសម្រួលព័ត៌មានពី Cambodia SEA GAMES 2023

មតិយោបល់