ពណ៌នាការវិវឌ្ឍន៍ខ្លះៗ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកៀកទៅបញ្ចប់ការសាងសង់ឆាប់ៗនេះ

មាស សុផាណារ៉ុង May 19, 2021


 

ភ្នំពេញ៖ កីឡដ្ឋានចម្បង ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងបង្គោលត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ មកទល់ពេលនេះ បានសម្រេចការសាងសង់ប្រមាណក្បែរ ៩៥% ហើយ។

ប៉ុន្ដែថ្ងៃនេះ សូមនាំអារម្មណ៍របស់ទស្សនិកជន មកទស្សនាទិដ្ឋភាពពីលើអាកាស ក្នុងដំណើរការសាងសង់ និងគម្រោងកីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលថតដោយ Channel YouTube – Cambodia All Videos ហើយក៏ជាទិដ្ឋភាពដ៏អស្ចារ្យ ដែលមើលហើយគួរឲ្យចង់ចូលទស្សនាផ្ទាល់លើទីតាំងអនាគតទ្រនំថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា ទាំងបាល់ទាត់ និងប្រភេទកីឡាអត្តពលកម្មផ្សេងៗទៀត ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែឧសភា ខាងមុខនេះ។

អ្វីដែលជាការចាប់អារម្មណ៍ដែលមានភាពប្លែកជាងពេលកន្លងមក គឺទី១-កៅអី ទី២-ផ្ទាំង LED ទី៣-ស្មៅ និងទី៤-ពាសទីលានរត់អត្តពលកម្ម។

ទី១ កៅអី៖ គេឃើញចាប់ផ្ដើមដំឡើងដល់តំបន់ VIP ផ្នែកខាងក្រោម ហើយកៅអីព៌ណក្រហម ដែលត្រូវដំឡើងនៅផ្នែកខាងលើគេ ក៏ចាប់ផ្ដើមឃើញមានវត្តមានបណ្ដើរៗផងដែរ។ កៅអីព៌ណក្រហមនឹងមានលក្ខណៈប្រដេញ ដូចរូបគំរូខាងក្រោម

រូបគំរូការរៀបព៌ណកៅអី មើលពីលើ

ទី២ ផ្ទាំង LED៖ ផ្ទាំង LED ក៏ត្រូវបានឃើញថាដំឡើងជាពុម្ពតភ្ជាប់គ្នារួចរាល់ផងដែរ នៅផ្នែកទាំងសងខាង តូច ២សងខាង និងធំ១ ដូចរូបខាងក្រោម

តូច ២សងខាង

LED ធំ

ទី៣ ស្មៅ៖ ស្មៅ ចាប់ផ្ដើមដុះកាន់តែពេញល្អជាងមុន បន្ទាប់ពីធ្លាប់ឃើញថាត្រូវបានគេកាត់ស្រទាប់ដំបូងម្ដងរួចមក។

ទី៤ ពាសទីលានរត់អត្តពលកម្ម៖ ជុំវិញទីលានបាល់ទាត់​ ដែលជាទីតាំងសម្រាប់កីឡាអត្តពលកម្មក៏ចាប់ផ្ដើមចាក់កៅស៊ូ ផងដែរ នៅឡើយតែការបន្ថែមពាសរត់ពីលើ (ពាសរត់ព៌ណខៀវ ដូចទៅនឹងព៌ណកៅអី)។

ការសាងសង់ពហុកីឡដ្ឋានមរតកតេជោ ដំណាក់កាលទី២ ដែលផ្ដោតលើ កីឡដ្ឋានចម្បង (ទីតាំងធ្វើពិធីបើក និងបិទស៊ីហ្គេម ជាពិសេសទីលានបាល់ទាត់) បានចាប់ផ្ដើមសាងសង់តាំងពីដើមខែមេសា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា កីឡដ្ឋានត្រៀមស្វាគមណ៍ព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូង នៅកម្ពុជានេះ គឺអាចផ្ទុកអ្នកទស្សនាបានចំនួន ៥៥,០០០នាក់ និងកៅអីបម្រុងចំនួន ៥,០០០កៅអីទៀត។ អ្វីដែលពិសេស គឺច្រកសុវត្ថិភាព ដើម្បីជម្លៀសអ្នកទស្សនា ដោយប្រើពេលត្រឹមតែ ៧នាទីប៉ុណ្ណោះ ក្នុងករណីមានអាសន្ន។ កីឡដ្ឋាននេះមានកម្ពស់ ៥ជាន់ ដែលសាងសង់ឡើង ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលមានទឹកប្រាក់ប្រមាណ ១៦០លានដុល្លារឯណោះ៕

ទស្សនាវីដអូខាងក្រោម៖

 

រូបភាព និងវីដេអូ៖ Cambodia All Videos

អត្ថបទ៖ ណារ៉ុង

មតិយោបល់