អាម៉េរិក លុបចោលការបោះជំរុំហ្វឹកហាត់នៅជប៉ុន ព្រោះក្តីបារម្ភពីបញ្ហាកូវីដ-១៩

មាស សុផាណារ៉ុង May 17, 2021


 

សហរដ្ឋអាម៉េរិក៖ ក្រុមអត្តពលិកអាម៉េរិក ដែលពីដំបូងឡើយមានផែនការបោះជំរុំហ្វឹកហាត់នៅក្នុងទីក្រុង Chiba នៃប្រទេសជប៉ុន មុនការប្រកួត Tokyo Olympics នោះ បានលុបចោលគម្រោងនេះវិញ ដោយសារតែមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពពាក់ព័ន្ធទៅនឹងការរាតត្បាតវីរុសកូវីដ១៩ ដែលមិនទាន់មានភាពធូរស្រាលនៅឡើយ ស្របពេលដែលម្ចាស់ផ្ទះជប៉ុន ក៏កំពុងរងការចោទសួរជាច្រើនពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនេះ។

អភិបាលក្រុង Chiba លោក Toshihito Kumagai បានលើកឡើងថា វាជាការខកចិត្តមួយសម្រាប់ការលុបចោលនេះ តែលោកជឿថានេះជាជម្រើសល្អបំផុតប្រឈមមុខនេះស្ថានភាពដែលកំពុងកើតមាននៅក្នុងប្រទេសជប៉ុន។ ខណៈពេលនេះដែរ មហាជនជប៉ុនច្រើនឡើងៗបាននាំគ្នាបរិហារតាមបណ្តាញសង្គម និងបានរិះគន់ក៏ដូចជាសម្តែងការព្រួយបារម្ភថា ព្រឹត្តិការណ៍កីឡាដែលប្រមូលផ្តុំដោយអត្តពលិកជាច្រើនមកពីជុំវិញពិភពលោកនេះអាចកើតមានជាបញ្ហាចម្លងទ្រង់ទ្រាយធំ និងនាំឱ្យប៉ះពាល់ដល់ប្រព័ន្ធសុខភាពសាធារណៈក្នុងពេលដែលអត្រាឆ្លងនៅក្នុងប្រទេសកាន់តែអាក្រក់ទៅៗ។

យ៉ាងណាក៏ដោយ លោកស្រី Seiko Hashimoto ប្រធានគណៈកម្មាធិការរៀបចំការប្រកួតបានថ្លែងថា រាជរដ្ឋាភិបាលជប៉ុនមានទំនុកចិត្ត និងយុទ្ធសាស្ត្រជាក់លាក់ក្នុងការធានាបានយ៉ាងច្បាស់លាស់ថា ព្រឹត្តិតការណ៍ Tokyo Olympics នឹងប្រព្រឹត្តិទៅដោយសុវត្ថិភាពសម្រាប់អត្តពលិកទាំងអស់ ហើយគេមិនអាចលុបចោល ឬពន្យារការប្រកួតនេះសារជាថ្មីបានទេ ហើយមហាជនក៏មិនគប្បីបរិហារលើអត្តពលិក និងទាមទារឱ្យពួកគេដកខ្លួនពីការប្រកួតឡើយ។

ប្រឈមនឹងបញ្ហាទាំងនេះ ប្រទេសមហាអំណាចសេដ្ឋកិច្ចជប៉ុនកំពុងពន្លឿនផែនការផ្តាល់វ៉ាក់សាំងកូវីដ១៩ ដែលកំពុងមានភាពយឺតយ៉ាវខ្លាំងព្រោះអត្តពលិក និងមន្ត្រីប្រមាណជា ២,៥០០នាក់ មិនទាន់បានចាក់នៅឡើយទេ ចំណែកប្រជាជនទូទៅត្រឹមតែ ២,៦%ប៉ុណ្ណោះ ដែលបានចាក់រួចរាល់។ បន្ថែមពីលើនេះ មហាជនបាននាំគ្នារិះគន់ចាស់ដៃនៅពេលដែលរាជរដ្ឋាភិបាលបានស្នើឱ្យផ្តល់សិទ្ធិអាទិភាពដល់ក្រុមអត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិកនោះ៕

 

ប្រភព៖ CNA

មតិយោបល់