ភ្នំពេញ សៀមរាប ព្រះសីហនុ កែប និងខេត្តកំពត អាចនឹងក្លាយជាទីតាំងរៀបចំការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣

មាស សុផាណារ៉ុង May 13, 2021


 

ភ្នំពេញ៖ កិច្ចប្រជុំគណៈអចិន្ត្រយ៍ តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រយ៍ គណៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់ជ្រើសរើសទីតាំងនៃទីលានប្រកួតនៅរាជធានី-ខេត្ត ចំនួន៥ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិ CAMSOC Cambodia SEA GAMES 2023

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ទីតាំងធំៗចំនួន៥ រាជធានី-ខេត្តនេះ មានដូចជារាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប និងខេត្តកំពត ដែលត្រូវបានកំណត់រួចហើយ ក្នុងគណៈអចិន្ត្រៃយ៍ ប៉ុន្តែត្រូវតែគោរពស្នើសុំការសម្រេចពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីយកធ្វើជាកន្លែងរៀបចំការប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះគឺផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន២ ទី១-ការកំណត់ទីតាំង នៃទីលានប្រកួតកីឡាស៊ីហ្គេម ដែលមានកីឡា ៤០ប្រភេទត្រូវកំណត់ទីតាំង និងទី២-ពិភាក្សាពីកម្មវិធីលម្អិត សម្រាប់ពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អគ្គលេខាធិការរូបនេះបន្ថែមថា ការកំណត់ទីលានប្រកួតនេះត្រូវបានសហព័ន្ធកីឡាជាតិភាគច្រើនបានឯកភាព និងយល់ស្របទៅនឹងការរៀបចំទីលានប្រកួតរបស់គណៈកម្មការទីលាននៃ CAMSOC លើកលែងតែខេត្តកំពត ដែលគ្រោងរៀបចំការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ ត្រូវបានសហព័ន្ធស្នើសុំឲ្យគណៈកម្មការជំនាញចុះពិនិត្យទីតាំងថ្មី នៅជាយក្រុងភ្នំពេញ។ សម្រាប់ខេត្តសៀមរាបត្រូវបានជ្រើសរើសសម្រាប់រៀបចំការប្រកួតប្រណាំងកង់, ខេត្តព្រះសីហនុ រៀបចំការប្រកួតម៉ូតូទឹក និងកីឡាទូកក្ដោង, ហើយខេត្តកែប ត្រូវប្រកួតទ្រីយ៉ាងត្លុង រីឯខេត្តកំពត គឺត្រៀមការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ (មិនទាន់សម្រេចទេ)។ ចំណែកប្រភេទកីឡាភាគច្រើន ត្រូវប្រកួតនៅរាជធានីភ្នំពេញ ពិសេសនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា នេះគ្រាន់តែជាកិច្ចប្រជុំគណៈអចិន្រ្ដៃយ៍ CAMSOC ដើម្បីរៀបចំបញ្ជូន និងស្នើសុំសេចក្ដីសម្រេចលើទីតាំង នៃទីលានប្រកួតកីឡាស៊ីហ្គេម ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ពោលគឺមិនទាន់សម្រេចត្រឹមកិច្ចប្រជុំនេះនៅឡើយទេ ហើយក្រោយធ្វើការកំណត់ទីលានប្រកួតកីឡាទូករួច គណៈអចិន្រ្ដៃយ៍នឹងធ្វើរបាយការណ៍ជូនសម្ដេចពិជ័យសេនាតែម្ដង។ ចំពោះពិធីបើក-បិទ ដែលត្រូវធ្វើកម្មវិធីគម្រោងលម្អិតពីដើម រហូតដល់ចប់ នឹងត្រូវពិភាក្សាគ្នានាពេលក្រោយទៀត ។

សូមបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការ អាស៊ានប៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានេះ គឺនៅសល់ពេលជិត ២ឆ្នាំប៉ុណ្ណោះ ស្របពេលដែលព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងប្រារព្ធពិធីបើកផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣៕

 

ដកស្រង់ និងកែសម្រួលព័ត៌មានពី Cambodia SEA GAMES 2023

មតិយោបល់