អូស្ត្រាលី ចាប់ផ្តើមចាក់វ៉ាក់សាំងដល់អត្តពលិក និងមន្ត្រីនានាមុនចេញទៅប្រកួត Tokyo Olympics​

មាស សុផាណារ៉ុង May 11, 2021


 

អូស្ត្រាលី៖ ក្រុមអត្តពលិកអូស្ត្រាលី ដែលត្រូវបានរដ្ឋាភិបាលប្រទេសនេះកំណត់សិទ្ធិជាអាទិភាពបានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយកាលពីថ្ងៃទី១០ ខែឧសភា ម្សិលមិញនេះ ដែលជាកិច្ចការដ៏សំខាន់មួយដើម្បីធានាសុវត្ថិភាពរបស់ពួកគេក្នុងការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Tokyo Olympics​ នាពេលខាងមុខនេះ ខណៈដែលដំណើរការផ្តល់វ៉ាក់សាំងដល់ប្រជាជនទូទៅហាក់មានភាពយឺតយ៉ាវនៅឡើយ។

អតីតជើងឯកពិភពលោកផ្នែកកីឡាហែលទឹក គឺកីឡាការិនី Cate Campbell ដែលស្ថិតនៅក្នុងបញ្ជីឈ្មោះអត្តពលិកត្រូវចាក់វ៉ាក់សាំងនោះបានលើកឡើងថា នេះជាការបន្ថែមទំនុកចិត្តដ៏សំខាន់សម្រាប់ពួកគេក្នុងវិធានការការពារពីការចម្លងនៃវីរុសកូវីដ-១៩ ដែលកំពុងរាតត្បាតជាសកលនោះ។

ម្ចាស់មេដាយមាសអូឡាំពិកឆ្នាំ២០១២ និង២០១៦ រូបនេះក៏បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិអូឡាំពិកអូស្ត្រាលី និងរដ្ឋាភិបាល សហព័ន្ធ ដែលបានផ្តល់សិទ្ធិអាទិភាពដល់ក្រុមអត្តពលិក ស្របពេលដែលការប្រកួតក៏កាន់តែខិតជិតចូលមកដល់ ប៉ុន្តែស្ថានភាពនៃការវាយលុយរបស់កូវីដ១៩ នៅក្នុងប្រទេសជប៉ុនមិនទាន់ស្រាកស្រាន្តនៅឡើយ។

សូមបញ្ជាក់ថាតាមការរៀបចំ អត្តពលិក ក្រុមមន្ត្រី​ គ្រូបង្វឹក និងប្រតិភូអូស្ត្រាលីប្រមាណជាងជា ២០០០នាក់ ទាំងអូឡាំពិក និងប៉ារ៉ាឡាំពិក និងត្រូវចាក់វ៉ាក់សាំងជាបន្តបន្ទាប់ឱ្យបានរួចរាល់មុនពេលចេញដំណើរទៅប្រកួតនៅទឹកដីជប៉ុនជាមួយនឹងការធានាថា ពួកគេនឹងទទួលបានសុវត្ថិភាពពេញលេញទាំងមុនពេលប្រកួត ក្នុងពេលប្រកួត និងក្នុងពេលត្រលប់មកវិញ៕

 

ប្រភព៖ Reuters

មតិយោបល់