ក្រុមអត្តពលិកវាយសីឥណ្ឌា បាត់បង់ឱកាសប្រកួត Malaysian Open ព្រោះកូវីដ១៩

មាស សុផាណារ៉ុង May 7, 2021


 

ឥណ្ឌា៖ ក្រុមអត្តពលិកវាយសីជម្រើសជាតិឥណ្ឌា កំពុងស្ថិតនៅក្នុុងភាពសោកស្តាយក្រៃលែងដោយសារតែពួកគេត្រូវបានបង្ខំឱ្យបោះបង់ឱកាសដ៏សំខាន់មួយដើម្បីប្រកួតសន្សំពិន្ទុសម្រាប់ដណ្តើមសិទ្ធិទៅចូលរួមប្រកួតព្រឹត្តិការណ៍ Tokyo Olympics ដោយសារតែបម្រាមហោះហើរដែលកំណត់ដោយម្ចាស់ផ្ទះម៉ាឡេសុី និងបណ្តាប្រទេសមួយចំនួនទៀតដែលមានការព្រួយបារម្ភអំពីលទ្ធភាពនៃការនាំចូល ឬការចម្លងវីរុសកូវីដ-១៩ ពីប្រទេសឥណ្ឌាដែលកំពុងក្លាយជាសោកនាដកម្មលើដែនដី ដែលមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោកនេះ។

តាមការគ្រោងទុក អត្តពលិកវាយសីឥណ្ឌាទាំងផ្នែកទោល និងជាគូឆ្នើមៗដូចជា PV Sindhu, Saina Nehwal, Srikanth Kidambi, B Sai Praneeth, Satwiksairaj Rankireddy, Chirag Shetty, Ashwini Ponnappa និង Sikki Reddy នឹងត្រូវប្រកួតនៅទីក្រុងគូឡាឡាំពួ ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែឧសភានេះ មុននឹងបន្តទៅប្រកួតជុំចុងក្រោយទៀតក្នុុងព្រឹត្តិការណ៍ Singapore Open នាដើមខែមិថុនា ខាងមុខ។

សូមបញ្ជាក់ថា Malaysian Open ជាការប្រកួតមួយក្នុងចំណោម ២ព្រឹត្តិការណ៍សំខាន់ៗសម្រាប់អត្តពលិកវាយសី ដើម្បីប្រមូលពិន្ទុ ឬទទួលបានចំណាត់ថ្នាក់ក៏ដូចជាសិទ្ធិពេញលេញក្នុងការចូលរួមប្រកួតមហាព្រឹត្តិការណ៍កីឡា Tokyo Olympics ជាបន្តទៀត។

សម្រាប់ពេលនេះ យើងឃើញថាមានតែអត្តពលិកជម្រើសជាតិឥណ្ឌា Sindhu​, Sai Praneeth ព្រមទាំង Shetty និង Rankireddy ប៉ុណ្ណោះដែលទទួលបានពិន្ទុគ្រប់គ្រាន់ ចំណែកឯម្ចាស់មេដាយសំរឹទ្ធនៅ 2012 London Olympics គឺកីឡាការិនី Nehwal (កំពុងឈរចំណាត់ថ្នាក់លេខ២២ វិញ្ញាសារវាយទោលនារី) និងអតីតជើងឯកពិភពលោក ផ្នែកវាយទោលបុរស Kidambi (កំពុងឈរចំណាត់ថ្នាក់លេខ២០) ត្រូវការពិន្ទុបន្ថែមដើម្បីឈានទៅឈរនៅលំដាប់ជម្រើសទាំង ១៦នាក់តាមវិញ្ញាសារៀងខ្លួន ទើបអាចមានពិន្ទុ និងចំណាត់ថ្នាក់ខ្ពស់ទៅប្រកួតនៅ Tokyo Olympics បាន៕

 

ប្រភព៖ channelnewsasia.com

មតិយោបល់