ក្រុមហ៊ុន Pfizer និង BioNTech ចាប់ដៃគ្នាផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ដល់អត្តពលិក និងមន្ត្រីនៃព្រឹត្តិការណ៍ Tokyo Olympics

មាស សុផាណារ៉ុង May 7, 2021


 

បែបហ្សិក៖ ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់សហរដ្ឋអាម៉េរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ដ៏ BioNTech បានចាប់ដៃគ្នាដើម្បីផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ដល់ក្រុមអត្តពលិក ប្រតិភូ ក៏ដូចជាមន្ត្រីគ្រប់រូបដែលបម្រើការនៅក្នុងព្រឹត្តិការណ៍ Tokyo Olympics និង Paralympic Games ដែលតាមរយៈអនុស្សារណៈរវាងក្រុមហ៊ុនទាំង២ និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ឬ The International Olympic Committee (IOC) ការផ្គត់ផ្គង់នេះគឺធ្វើឡើងក្នុងរូបភាពជាការបរិច្ចាគដល់បណ្តាប្រទេសនីមួយៗដើម្បីចាត់ចែងចាក់ដល់គ្រប់ភាគីដែលត្រូវទទួលឱ្យបានមុនពេលពួកគេធ្វើដំណើរមកកាន់ប្រទេសជប៉ុន។

ក្នុងការប្រកាសផ្លូវការបានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរនឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងចាប់ពីចុងខែឧសភានេះតទៅ ដើម្បីធានាថាគ្រប់អ្នកចូលរួមទាំងអស់នឹងទទួលបានដូសទី២ មុនពេលពួកគេធ្វើដំណើរមកចូលរួម។ យោងតាមការគ្រោងទុក ព្រឹត្តិការណ៍នេះនឹងមានអត្តពលិកចូលរួមប្រមាណជាជាង ១១,០០០នាក់ ប៉ុន្តែគិតមកទល់ពេលនេះ ពួកគេភាគច្រើនបានទទួលការចាក់វ៉ាក់សាំងនៅតាមបណ្តាប្រទេសរបស់ខ្លួនរួចរាល់ហើយ។​

ប្រធាន IOC លោក Thomas Bach​ បានថ្លែងស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះដោយលោកបានបានសង្កត់ធ្ងន់ថា នេះជាវិធានការសំខាន់បំផុតមួយដើម្បីធានាថាព្រឹត្តិការណ៍នេះនឹងដំណើរការទៅប្រកបដោយសុវត្ថិភាព ខណៈដែលម្ចាស់ផ្ទះជប៉ុនបានកំណត់ហើយថា នឹងមិនអនុញ្ញាត្តឱ្យទស្សនិកជនបរទេសចូលរួមទស្សនានោះទេ​ ចំណែកទស្សនិកជនក្នុងស្រុកក៏កំពុងស្ថិតនៅក្នុងការពិចារណានៅឡើយ ត្បិតអីស្ថានភាពរីករាលដាលនៃរលកទី៤ នៅក្នុងប្រទេសជប៉ុនមិនទាន់រលត់បាត់នៅឡើយ ហេតុនេះហើយទើបកាលពីថ្ងៃសុក្រសប្តាហ៍មុន លោកស្រី Seiko Hashimoto ប្រធានគណៈកម្មាធិការរៀបចំ Tokyo Olympics និង Paralympic Games បានបង្ហើបថា វាអាចនឹងលេចចេញនូវលទ្ធភាពនៃការដំណើរការប្រកួតដោយបិទទ្វារពោលគឺមិនអនុញ្ញត្តឱ្យមានទស្សនិកជនចូលរួមឡើយ ប៉ុន្តែត្រូវរង់ចាំការសម្រេចជាផ្លូវការនៅខែមិថុនាខាងមុខសិន៕

 

ប្រភព៖ theguardian.com

មតិយោបល់