ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម កំណត់បង្ហាញ ៤០ប្រភេទកីឡា

មាស សុផាណារ៉ុង April 20, 2021


 

វៀតណាម៖ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានកំណត់បង្ហាញ ជាផ្លូវការនូវប្រភេទកីឡាចំនួន៤០ និងមាន ៥២៦វិញ្ញាសា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានស្នើឲ្យសហព័ន្ធកីឡាជាតិ គ្រូបង្វឹកក្រុមជម្រើសជាតិ នីមួយៗ ដែលត្រៀមខ្លួន ចូលរួមប្រកួតប្រជែង មេដាយនៅក្នុងស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាចុងឆ្នាំនេះ សូមពិនិត្យប្រភេទកីឡា របស់ខ្លួនដើម្បីត្រៀមការបង្វឹកកីឡាករកីឡាការិនីជម្រើសជាតិត្រៀមឲ្យត្រូវតាមវិញ្ញាសាដែលម្ចាស់ផ្ទះវៀតណាមកំណត់បង្ហាញជាផ្លូវការនេះ។

លោកបានបន្ថែមថាសូមសហព័ន្ធកីឡាជាតិខិតខំរៀបចំយុទ្ធសាស្រ្ត និងវិធីសាស្រ្តក្នុងការហាត់ហ្វឹកហ្វឺនឲ្យស្របទៅតាមប្រភេទកីឡា និងវិញ្ញាសានេះដើម្បីសម្រួចគោលដៅក្នុងការប្រកួតប្រជែងមេដាយជូនជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ចំពោះការចូលរួមប្រកួតប្រជែងមេដាយក្នុងស៊ីហ្គេមនៅប្រទេសវៀតណាមឆ្នាំ២០២១នេះ គឺជាស៊ីហ្គេមយុទ្ធសាស្ត្រក្នុងការកំណត់បង្ហាញពីសមត្ថភាពពិតរបស់កម្ពុជាក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។

សូមបញ្ជាក់ថា សម្រាប់ការចូលរួមប្រកួតរបស់ក្រុមកម្ពុជានៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទសហ្វីលីពីនឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានឈ្នះមេដាយសរុបចំនួន៤៦គ្រឿង ក្នុងនោះមេដាយមាស ៤ ប្រាក់៦ និងសំរឹទ្ធចំនួន៣៦គ្រឿង ដោយឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម១១ប្រទេសនៃសមាជិកស៊ីហ្គេម៕

មតិយោបល់