កីឡាកាយសម្ព័ន្ធកម្ពុជា ហ្វឹកហាត់ស្វិតស្វាញលើវិញ្ញាសាទាំង ៧ ត្រៀមសុីហ្គេមចុងឆ្នាំនេះ

មាស សុផាណារ៉ុង April 19, 2021


 

ភ្នំពេញ៖ សម្រាប់ការប្រកួតសុីហ្គេមលើកទី៣១ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាម នាចុងឆ្នាំ​ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានត្រៀមបញ្ជូនកីឡាករ​​ ៤នាក់ និងកីឡាការិនី ២នាក់ ចូលរួមប្រកួតប្រជែងលើ ៧វិញ្ញាសាដែលក្នុងនោះកីឡាករជម្រើសជាតិម្នាក់នឹងត្រូវបញ្ជូនទៅហ្វឹកហាត់រយៈពេលវែងនៅសាធារណរដ្ឋប្រជាមានិតចិន នាខែសីហាខាងមុខ។

បន្ថែមពីនេះ សហព័ន្ធក៏បានជួលគ្រូបង្វឹកម្នាក់មកពីប្រទេសរុស្ស៊ី ដើម្បីជួយជំរុញលើផ្នែកបច្ចេកទេស ផ្នែកអាអេរ៉ូប៊ិក ដោយតាមការគ្រោងទុកគ្រូបង្វឹករុស្ស៊ីអាចនឹងមកដល់កម្ពុជានាខែក្រោយនេះ ប៉ុន្តែដំណើរនេះគឺអាស្រ័យលើស្ថានភាពជាក់ស្តែងនៃបញ្ហាជំងឺកូវីដ-១៩ផងដែរ។

បើតាមលោក ណយ ផាណា ដែលជាអគ្គលេខាធិការកីឡាកាយសម្ព័ន្ធកម្ពុជា នេះគឺជាផែនការសកម្មភាពដែលសហព័ន្ធកំពុងធ្វើដោយការយកចិត្តទុកដាក់ខ្ពស់តាមការណែនាំយ៉ាងម៉ឺងម៉ាត់បំផុតរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។

ចំពោះទាំង៧វិញ្ញាសារួមមាន៖ ប្រភេទកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិច (Aerobic) មាន៤ ១-ឯកត្តជនបុរស (IM), ២-គូបុរស-នារី (MP) ៣-ទ្រីយ៉ូ (TR) និងទី៤-អាអេរ៉ូប៊ិកក្រុម (Group)។ រីឯប្រភេទកាយសម្ព័ន្ធអាទិស្ទិក (Artistic) មាន៣ឧបករណ៍ រួមមាន៖ លើកម្រាល (Floor), ២-សេះលោត (Vault) និងវិញ្ញាសាសេះកង (Pommel horse)៕

 

ប្រភព៖ AKP

មតិយោបល់