គ្រូជម្រើសជាតិអ៊ីរ៉ាក់៖ “ប្រកួតខ្លះអ្នកគិតថានឹងអាចឈ្នះ ប៉ុន្តែចុងក្រោយអ្នកបែរជាចាញ់…”

មាស សុផាណារ៉ុង June 7, 2021


 

បារ៉ែន៖ “…ប្រកួតខ្លះអ្នកគិតថានឹងអាចឈ្នះ ប៉ុន្តែចុងក្រោយអ្នកចាញ់…” នេះសម្ដីរបស់ លោក Srečko Katanec គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ លើកឡើងនៅមុនជួប ជម្រើសជាតិកម្ពុជា នាយប់នេះ។

គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ លោក Srečko Katanec បានសម្ដែងសុទិដ្ឋិនិយមចំពោះក្រុមខ្លួនបើទោះបីជាត្រូវបានគេចាត់ទុកថាក្រុមលោក មានប្រៀបជាងកម្ពុជា បែបនេះ បន្ទាប់ពីមានអ្នកសារព័ត៌មានចោទសួរ ដ្បិតជំនួបទី៧ ប្រចាំពូល C នៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី ជុំទី២ (2022 FIFA World Cup qualification – AFC Second Round) ទល់នឹងជម្រើសជាតិកម្ពុជា គឺគេពិតជាមានប្រៀបជាង បើធៀបលើកម្រិតនៃជម្រើសទាំងពីរ។

លោក Srečko Katanec បានឆ្លើយតបនៅក្នុងសន្និសីទសារព័ត៌មាន ដូច្នេះថា៖ “ប្រកួតខ្លះដែលអ្នកគិតថាអ្នកនឹងអាចឈ្នះ ប៉ុន្តែចុងក្រោយអ្នកបែរជាចាញ់ទៅវិញ ហើយសម្រាប់ក្រុមខ្ញុំ គឹបានផ្តោតលើវា ១២០ភាគរយ។”

និយាយអំពីក្រុមរបស់ខ្លួនវិញ គ្រូបង្វឹកសញ្ជាតិស្លូវេនី៖ “សម្រាប់ក្រុមរបស់យើង គ្រប់យ៉ាងគឺល្អ យើងបានប្រកួតមិត្តភាពខ្លះៗ យើងបានបង្កើតកម្រិតមួយដ៏ល្អ យើងបានត្រៀមខ្លួនសម្រាប់ការប្រកួតនៅថ្ងៃស្អែក (ថ្ងៃនេះ) ហើយយើងដឹងថាត្រូវធ្វើយ៉ាងម៉េច។”

“វាជាការពិតដែលយើងមិនបានលេងក្នុងការប្រកួតផ្លូវការជាយូរមកហើយ ប៉ុន្តែខ្ញុំប្រាកដពីក្រុមរបស់ខ្ញុំ ទោះបីខ្ញុំព្រួយបារម្ភអំពីស្ថានភាពកីឡាករត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា ហើយទីលានប្រកួតគឺដូចជាលេងសើចពេកហើយសម្រាប់ការប្រកួត។ សង្ឃឹមថាស្ថានភាពនេះនឹងផ្តល់កម្លាំងចិត្តឱ្យយើងឈ្នះការប្រកួត។” លោក Katanec បានសង្គត់ធ្ងន់។

សូមរំលឹកជាថ្មីថា ការប្រកួតរវាង ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ជាមួយ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះ នាវេលាម៉ោង ៩:៣០នាទីយប់ លើវាលស្មៅធម្មជាតិ នៃពហុកីឡដ្ឋានជាតិបារ៉ែន (Al Muharraq Stadium) ដោយការប្រកួតនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ Iraq Football Association

 

មតិយោបល់