League Cup ពូល B លុបចោលមួយគូទៀត ខណៈ ព្រៃវែង ជាមួយ ទ័ព ប្រកួតធម្មតា

មាស សុផាណារ៉ុង June 6, 2021


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់ លីគខាប់ ២០២១ “LEAGUE CUP 2021 By FORWARD” សម្រាប់ពូល B ដែលនឹងត្រូវប្រកួតនៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនា នេះ ជាមួយនឹងការប្រកួត ២គូ ត្រូវបានគណៈកម្មការរៀបចំការប្រកួតសម្រេចលុបចោល ១គូទៀតហើយ ខណៈជំនួបរវាង ព្រៃវែង ជាមួយ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ប្រកួតធម្មតា។

ដើមឡើយសម្រាប់ពូល B នៅថ្ងៃនេះក៏មានការប្រកួតចំនួន ២គូផងដែរ ប៉ុន្តែជំនួបរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ យុវជនសាលាបាល់ទាត់ជាតិបាទី U18 ត្រូវលុបចោលការប្រកួត ដោយមូលហេតុរកឃើញនូវករណីសង្ស័យវិជ្ជមាន នៃជំងឺកូវីដ-១៩ លើមន្ត្រីក្រុមសាលាបាល់ទាត់បាទីមួយរូប ហើយដោយយោងតាមលក្ខខណ្ឌមុនការប្រកួតក្រុមណាដែលមានកីឡាករ ឬមន្ត្រី មានវិជ្ជមានជំងឺកូវីដ-១៩ ក្រុមនោះនឹងត្រូវកំណត់ថាចាញ់ នេះបានសេចក្ដីថា ព្រះខ័នរាជស្វាយរៀង ទទួលបាន ៣ពិន្ទុដោយស្វ័យប្រវត្តិ ដូចករណី បឹងកេត ជាមួយ វិសាខា កាលពីម្សិលមិញផងដែរ។

ដោយឡែកការប្រកួតរវាង ព្រៃវែង ជាមួយ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ត្រូវបន្តការប្រកួតជាធម្មតា នៅវេលាម៉ោង ៣:៣០នាទីរសៀល នៅទីលានវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា។

គួរបញ្ជាក់ថា នេះគឺជាលើកដំដូងហើយដែលកម្ពុជា មានការប្រកួតពានរង្វាន់ផ្លូវការបែបខាប់ កម្រិតទី២ បែបនេះ បើទោះបីជាមើលទៅហាក់ដូចជាមិនសូវទូលំទូលាយសម្រាប់ក្រុមចូលរួម ត្បិតកន្លងមកមានតែការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មួយប៉ុណ្ណោះ៕

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

មតិយោបល់