សម្ដីគ្រូកម្ពុជា និងគ្រូបារ៉ែន មុនប៉ះគ្នាយប់នេះ នៃវគ្គជម្រុះ World Cup ពូល C

មាស សុផាណារ៉ុង June 3, 2021


 

ភ្នំពេញ៖ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) សម្រាប់ការប្រកួតដែលនៅសេសសល់ប្រចាំពូល C រវាងម្ចាស់ផ្ទះបារ៉ែន ជាមួយ កម្ពុជា នឹងមកដល់នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នេះ ខណៈមុនការប្រកួតទាំងគ្រូកម្ពុជា ក៏ដូចជាគ្រូបារ៉ែន បានលើកឡើងរៀងៗខ្លួនមុនការប្រកួតមកដល់។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់កាលពីម្សិលមិញ លោក Ryu Hirose ដែលជាគ្រូបង្គោលកម្ពុជា ថាមិនស្ទាក់ស្ទើរក្នុងការប្រកួតជាមួយពួកគេ ខណៈគ្រូបារ៉ែន លោក Hélio Filipe Dias de Sousa ក៏បានបញ្ជាក់ថា មិនបានផ្តោតសំខាន់លើក្រុមតែម្ខាងនោះទេ ហើយគ្រប់ការប្រកួត គឺជាការប្រកួតដែលត្រូវផ្តោតសំខាន់។

លោក Ryu Hirose បានលើកឡើងយ៉ាងដូច្នេះថា៖ “វាពិតជាមានការប្រកួតប្រជែងខ្លាំងណាស់ ដើម្បីទទួលបានលទ្ធផលដែលយើងចង់បាន នៅក្នុងពូលនេះ ប៉ុន្តែយើងមិនដែលបោះបង់ឆន្ទៈ ដើម្បីប្រជែងនឹងក្រុមដទៃទេ។”

“បារ៉ែន ជាក្រុមល្អទាក់ទងនឹងសមត្ថភាពរាងកាយ ប៉ុន្តែយើងមិនស្ទាក់ស្ទើរក្នុងការប្រជែងជាមួយពួកគេ។” គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបានបន្ថែម។

ជុំវិញសារៈសំខាន់នៃការប្រកួតនៅសល់ចំនួន ៣ប្រកួតទៀត លោក Hélio Sousa បានលើកឡើងដូច្នេះថា៖ “ក្នុងវគ្គជម្រុះជុំទី២ គ្មានអ្វីដែលត្រូវធ្វើការផ្តោតសំខាន់លើក្រុមតែម្ខាងនោះទេ ចំនុចនេះចង់បង្ហាញថា ពេលនេះយើងក៏កំពុងផ្តោតលើការប្រកួតជាមួយក្រុមកម្ពុជា ដូចគ្នា។”

លោក Sousa បាននិយាយថាដំណាក់កាលនៃការរៀបចំក្រុមសម្រាប់វគ្គជម្រុះជុំទី២ នេះ បានឆ្លងកាត់ដំណាក់កាលជាច្រើន ដែលដំណាក់កាលចុងក្រោយគឺការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមខ្លាំងអ៊ឺរ៉ុប ក្រុមជម្រើសជាតិអ៊ុយក្រែន ហើយបញ្ចប់ដោយលទ្ធផលវិជ្ជមានស្មើគ្នា ១-១។ ដោយកត់សម្គាល់ថាដំណាក់កាលទាំងនេះ បង្កើតបានជាឱកាសដ៏ល្អមួយដើម្បីត្រៀមសម្រាប់ការបញ្ចប់ការប្រកួតវគ្គជម្រុះ។

សូមរំលឹកជាថ្មីថា ការប្រកួតរវាង ក្រុមជម្រើសជាតិបារ៉ែន ជាមួយ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នេះ នាវេលាម៉ោង ១១:៣០នាទីយប់ លើវាលស្មៅធម្មជាតិ នៃពហុកីឡដ្ឋានជាតិបារ៉ែន (Bahrain National Stadium) ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | Bahrain Football Association

មតិយោបល់