CNCC League Cup ប្រកាសសមាសភាពក្រុមចូលរួមទាំង៨ ជាផ្លូវការ

មាស សុផាណារ៉ុង May 30, 2021


 

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ឧសភា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)  បានប្រកាសពីការបង្កើតពានរង្វាន់ថ្មីមួយទៀត ឈ្មោះថា (CNCC League Cup) ដើម្បីផ្ដល់ឲ្យដល់ក្រុមនៅលីគកំពូលកម្ពុជា ដែលនឹងត្រូវសម្រាកអំឡុងក្រុមជម្រើសជាតិចេញទៅប្រកួតនៅក្រៅប្រទេស មានឱកាសប្រកួតប្រជែង។

ថ្ងៃបន្ទាប់មកទៀត គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានប្រកាសសមាសភាពក្រុមទាំង ៨ដែលត្រូវចូលរួម មានដូចជា កងយោធពលខេមរភូមិន្ទ, វិសាខា, ព្រៃវែង, ភ្នំពេញក្រោន, បឹងកេត, ព្រះខ័នរាជស្វាយរៀង, ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមកពីលីគទី២ អាយអេសអាយ ដង្កោរសែនជ័យ ដែលចូលមកជំនួស គីរីវង់សុខសែនជ័យ បន្ទាប់ពីបានសម្រេចដកខ្លួន។

តាមគម្រោងការប្រកួតនឹងបែងចែកចេញជា ២ពូល ក្នុង ១ពូលមាន ៤ក្រុម ហើយក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗនឹងបានកៅអីឡើងវគ្គចាញ់ធ្លាក់ (ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់មកផ្ដាច់ព្រ័ត្រ) និងប្រើរយៈពេលពេលប្រកួតប្រមាណជិត ១ខែ ចន្លោះពីថ្ងៃទី០៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។

គួរបញ្ជាក់ថា នេះគឺជាលើកដំដូងហើយដែលកម្ពុជា មានការប្រកួតពានរង្វាន់ផ្លូវការបែបខាប់ កម្រិតទី២ បែបនេះ បើទោះបីជាមើលទៅហាក់ដូចជាមិនសូវទូលំទូលាយសម្រាប់ក្រុមចូលរួម ត្បិតកន្លងមកមានតែការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មួយប៉ុណ្ណោះ៕

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

មតិយោបល់